ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. គ្រោងវិនិយោគរហូតដល់ ១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅប្រទេសកម្ពុជាបន្ថែមពីលើអ្វីដែលក្រុមហ៊ុនកំពុងវិនិយោគ។ នេះបើតាមជំនួបថ្នាក់ដឹកនាំជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
តំណាងក្រុមហ៊ុន Hainan Litree បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane របស់ក្រុមហ៊ុន ត្រូវបានប្រើប្រាស់នៅក្នុងខេត្ត-ក្រុងជាច្រើន ដោយបានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ ១១.០០០ម៉ែត្រគូប/ថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ ឆ្នាំខាង មុខនេះ ក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០-១០០ លានដុល្លារទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត និងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា membraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។
ក្នុងជំនួបនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានប្រកាសស្វាគមន៍ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យាទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងឧស្សាហកម្ម