ជាង ១ខែ បន្ទាប់ពីត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារួចមក, នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤នេះ អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា»។ អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបរូបនេះ គឺជាបុគ្គលទី ៨ហើយ ដែលទទួលបានការត្រាស់បង្គាប់ពីព្រះមហាក្សត្រ ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា»។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» ជូនអ្នកឧកញ៉ា ទ្រី ភាព បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ អ្នកឧកញ៉ា ទ្រី ភាព ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី ៥ មានឋានៈស្មើទេសរដ្ឋមន្ត្រី។
ក្រៅពីនេះទៀត កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤កន្លងទៅនេះ អ្នកឧកញ៉ា ទ្រី ភាព ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន តែងតាំងជាបេសកជនពិសេសរបស់សម្តេច ផងដែរ។ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាវិញ អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ហើយក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ចាត់តាំងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម