ខនហ្វីរេល គឺជាក្រុមហ៊ុនកែច្នៃ ហើយចែកចាយនូវផលិតផលចំណីអាហារដ៏ធំប្រចាំនៅប្រទេសកម្ពុជាដែលកំពុងឈរជើងលើទីផ្សារ ព្រមទាំងបាននាំផលិតផលកែច្នៃពីកសិផល និងកសិកម្មជាច្រើនប្រភេទនាំចេញទៅទីផ្សារពិភពលោក។
ថ្មីៗនេះ ខនហ្វីរេល បើកShowroom ថ្មីរបស់ខ្លួននៅក្នុងខេត្តសៀមរាបតាមបណ្ដោយផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីដាក់បង្ហាញនូវផលិតផលខ្មែរពិតៗ ដល់ភ្ញៀវទេសចរ ជាមួយនឹងម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ជាផលិតផលដ៏ពេញនិយម។
ឧកញ៉ាឱសថ ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន ខនហ្វីរេល និង ប៉េប៉េអឹម លើកឡើងថា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ គឺជាផលិតផល ដែលឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ ហើយក៏ជាផលិតផលទីមួយដែលទទួលបានពានរង្វាន់ពីអឺរ៉ុប គឺប្រទេសបារាំង។
លោកបន្តថា វត្តមានថ្មីនៃShowroomរបស់យើងនៅក្នុងខេត្តសៀមរាបក្នុងគោលបំណង គឺចង់បង្ហាញពីផលិតផលដែលខ្មែរយើងមាន នឹងត្រូវបានកែឆ្នៃកាន់តែមានតម្លៃថែមទៀត ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។
លោកបញ្ជាក់ថា Showroom Confirel ថ្មីស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះ ទៅកាន់ប្រាសាទអង្គរ ជាគោលដៅទេសចរណ៍ឈានមុខគេមួយរបស់ទេសចរមកពីជុំវិញពិភពលោក ចូលទស្សនាប្រាង្គប្រាសាទ នៅកម្ពុជា៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម ខនហ្វីរេល