ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ក្រសួង មិនមានគោលការណ៍ឲ្យមន្ត្រី ប.ស.ស. ផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅសមាជិក ប.ស.ស. ទេ។
ការអះអាងនេះ បន្ទាប់ពីមានជនអនាមិកបានបន្លំខ្លួនជាមន្ត្រី ប.ស.ស. ដោយប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ទាក់ទងទៅកាន់សមាជិកដោយផ្ទាល់ ដែលបានភ្ជាប់នូវលេខគណនីធនាគារក្លែងក្លាយរបស់ ប.ស.ស. និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ ដែលនាំឲ្យមានការភាន់ច្រឡំ និងធ្វើឲ្យខាតបង់ថវិការបស់សមាជិក ប.ស.ស. ដែលត្រូវបង់ភាគទានរបបសន្តិសុខសង្គមមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៦ ខែឧសភានេះ បានបញ្ជាក់ថា ក្រសួងមិនមានគោលការណ៍ឲ្យមន្ត្រី ប.ស.ស. ផ្សព្វផ្សាយ លេខគណនីធនាគារផ្ទាល់ខ្លួនទៅសមាជិក ប.ស.ស. នោះទេ ក្រៅពីការផ្តល់ព័ត៌មានតាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ១២៩៧ ឬ Facebook Page ឬ Telegram ផ្លូវការ https://t.me/nssfcambodia_Chat តែប៉ុណ្ណោះ។
ក្រសួងការងារ បានគូសបញ្ជាក់ថា ការបង់ភាគទាន ប.ស.ស. មិនមានការប្រើប្រាស់ QR Code ដើម្បីផ្ទេរប្រាក់ចូលមកលេខគណនី ប.ស.ស. នោះឡើយ។ ការបង់ភាគទាន ត្រូវធ្វើឡើងតាមរយៈ App ផ្លូវការរបស់ធនាគារដៃគូ ដោយចូលទៅមីនុយ (Menu) ទូទាត់ រួចធ្វើការបង់ប្រាក់សេវាសាធារណៈដែលមាននិមិត្តសញ្ញា ប.ស.ស. ឬត្រូវបង់ចូលគណនីធនាគាររបស់ ប.ស.ស. ដោយផ្ទាល់នៅតាមទីស្នាក់ការធនាគារដៃគូ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងករណីមានការសង្ស័យណាមួយ ឬសួរនាំព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬ Facebook Page ឬ Telegram ផ្លូវការhttps://t.me/nssfcambodia_Chat៕
អត្ថបទ៖ វីរៈ រូបភាព៖បណ្ដាញសង្គម