ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤នេះ បានឈានចូលដល់ថ្ងៃទី ២ហើយ ដែលដំណើរការប្រឡងនៅថ្ងៃនេះ ត្រូវបានបែងចែកជា ២មណ្ឌល រួមមាន៖ មណ្ឌលទី ១ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមណ្ឌលទី ២ នៅសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងប្រជែងនេះ ត្រូវធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ ដោយមានបេក្ខជនរហូតដល់ ៣៣ ៣១៤នាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ចំពោះចំនួនដែលត្រូវជ្រើសរើសមានត្រឹម ៤៤១នាក់ប៉ុណ្ណោះ។
សម្រាប់ថ្ងៃទី ២នៃការប្រឡងនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៩ ៣៣៨នាក់ ហើយការប្រឡងប្រជែងប្រជែង ត្រូវអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល គណៈកម្មការមេប្រយោគធ្វើការរៀបចំតាក់តែងវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្ដើមការប្រឡងនៅពេលរសៀល។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានថ្លែងឲ្យដឹង កាលពីថ្ងៃទី ២ ខែឧសភាថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យលើកទី ១ (ដើម្បីសម្រាំងបេក្ខជន) មានរយៈពេល ៤ថ្ងៃ ដែលមានបេក្ខជនចូលរួមចំនួន ៣៣ ៣១៤នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន ៣មណ្ឌល។
លោកថា «មិនថាយើងធ្លាប់ឆ្លងកាត់ការរៀបចំការប្រឡងច្រើនដងយ៉ាងណាក្តី មិនថាយើងមាននិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីយ៉ាងណាក្តី ក្រុមការងាររៀបចំការប្រឡងទាំងអស់នៅតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងធានាឲ្យខាងតែបានថា ការប្រឡងប្រជែង ត្រូវប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ដោយសារបេក្ខជនមានចំនួនច្រើន អាកាសធាតុក្តៅ ទីធ្លាសម្រាប់ចំណតយានយន្តមានកំណត់ បន្ទប់ប្រឡង និងមណ្ឌលប្រឡងមានទីតាំងផ្សេងៗគ្នា។ ដូច្នេះសូមបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ កត់សម្គាល់ព័ត៌មាន និងថែរក្សាសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដើម្បីបង្ការរាល់់ការរំខាននានា ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រជែង។
លោក ហ៊ុន ម៉ានី ក៏បានផ្ដាំផ្ញើដែរថា សូមបេក្ខជនទាំងអស់យកឱកាស ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនស្មើៗគ្នានេះ បញ្ចេញអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាម្នាក់ ប្រកបដោយគុណភាព៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុក្រសួងមុខងារសាធារណៈ