សម្ដេច ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំគោលការណ៍ផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែតពលរដ្ឋ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងព័ត៌មាន ត្រូវរៀបចំគោលការណ៍ផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម។ ការណែនាំនេះ គឺតាមរយៈសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី ៣១ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤។

តាមរយៈសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ចំណែកស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

យ៉ាងណាក៏ដោយ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នវិស័យសារព័ត៌មាន បានប្រឈមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលកំពុងជ្រៀតចូលយ៉ាងខ្លាំងក្នុងវិស័យព័ត៌មាន។

ក្នុងនោះដែរ មានការកើនឡើងនូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឲ្យកើតមានវិបត្តិនៅក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ជាតិ។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត «បញ្ហាប្រឈមទាំងនេះ ចាំបាច់យើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា»។

ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រសួងព័ត៌មាន ដូចជា៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សា នូវក្រមសីលធម៌ និងគុណភាពការងារ។ ទី២. បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ដើម្បី ធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើក កម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបាន ត្រឹមត្រូវ ។

ទី៣. រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។ ទី៤. រៀបចំកំណត់គោលការណ៍ណែនាំ ស្តីពី ការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម។ ទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ៕