ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ ឲ្យលោក គុណ ញឹម កាន់ដំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។
ការដែលពន្យាពេលចូលនិវត្តន៍ដល់លោក គុណ ញឹម បន្ទាប់ពីទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេច និងក្រុមគ្រួសារ ដែលបានសរសេរអត្ថបទមួយចោទប្រកាន់ថា មានការសូកប៉ាន់ពីសំណាក់លោក គុណ ញឹម ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងឲ្យលោក គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យលោក គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ។ សម្តេចបន្តថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ សម្តេចមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់លោក គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្តេចនឹងបន្តគោលការណ៍អនុញ្ញាតជូនលោក គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។
ហេត្តដូច្នេះ សម្តេចឲ្យវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចនិងក្រុមគ្រួសារ។ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។ បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់ឲ្យលោក គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះ សម្តេចចំអកទៅវិញថា សូមកុំដេកស្រម៉ៃ។ ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់សម្តេចនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម