មេខ្លោង និងបក្សពួកពាក់ព័ន្ធនឹងបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានសហការជាមួយក្រុមការងាររបស់សម្តេចធិបតី ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានចុះប្រតិបត្តិការយ៉ាងក្តៅគគុកដើម្បីបង្ក្រាបសកម្មភាពដុត បំផ្លាញ និងកាប់ ទន្ទ្រាន ព្រៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារបានសម្របសម្រួលពន្យល់ប្រជាពលរដ្ឋដែលលង់ចាញ់បោក មេខ្យល់ឲ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញដោយសន្តិវិធី ពីទីតាំងដីដែលបានកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួន ២កន្លែង គឺទី ១ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុង ស្រុកសេសាន និងទី ២ គឺនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងបន្តថា ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិម៉ឺនសៃ- សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតប្រមាណ ៧ ០០០ហិកតា និងគ្រោងរងការខូចខាតប្រមាណ ៦០០០- ៧០០០ហិកតាបន្ថែមទៀត។ រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង ៦០០ហិកតា និងគ្រោងរងការខូចខាត ប្រមាណ៥០០- ៦០០ហិកតា បន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានដកហូតយកមកវិញ ប្រគល់ជូនមន្ទីរ បរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រង ថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «ចំពោះក្រុមមេខ្លោង និងបក្សពួកពាក់ព័ន្ធនឹងរឿងនេះចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន មេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត»។
ចុងក្រោយ រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងការប្រព្រឹត្តិល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធតាមគ្រប់រូបភាពក្នុងសកម្មភាពកាប់ទន្ទ្រាន និងដុត បំផ្លាញដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងត្រូវចូលរួមថែរក្សាធនធានព្រៃឈើទាំងអស់គ្នា ដើម្បីជាប្រយោជន៍ នាពេលបច្ចុប្បន្ន និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយ៕