ផ្សារដើមគរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិនបានដាក់ឲ្យដំណើរការជាផ្លូវការហើយលើផ្ទៃដី ៣០ហិកតា កាលពីចុងខែេមសាកន្លង ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ផ្សារថ្មីនេះ ត្រូវប្រសិទ្ធនាមថា មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី ត្រូវបានវិនិយោគដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្តេត អ៊ិនវេសម៉ិន ឯ.ក របស់ចិន ដែលបានអភិវឌ្ឍសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ចំណតរថយន្ត ឃ្លាំង និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់។
បើតាមក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) ផ្សារដើមគរថ្មីនេះ នឹងអនុញ្ញាតឱ្យអាជីវក ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ តំបន់ជុំវិញផ្សារដើមគរចាស់ទៅលក់ដូរនៅបឹងតាមោកវិញដោយមានតម្លៃជួលសមរម្យ ហើយក្នុងដំណាក់កាលទី១នេះ មានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។
ក្រុមហ៊ុនដដែលខាងលើ បានប្ដេជ្ញាថា ខ្លួនបានខិតខំសហការជាមួយដៃគូអភិវឌ្ឍទាំងអស់ ដើម្បីនាំមកនូវកសិផលនិងទំនិញផ្សេងៗដែលមានគុណភាពល្អនិងតម្លៃធូរថ្លៃជូនចំពោះប្រជាជនកម្ពុជា ហើយក៏ជំរុញឱ្យកសិផលនិងទំនិញផ្សេងៗទៀតនៅកម្ពុជាលក់ទៅកាន់ទីផ្សារពិភពលោកដែរ។
បន្ថែមទៀតនោះ ផ្សារដើមគរថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចូល និងនាំចេញកសិផល និងស្ថេរភាពនៃខ្សែរសង្វាក់ផ្គត់ផ្គង់ បង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជា ជាពិសេស ផ្សារនេះនឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប តាមរយៈការរៀបចំផ្សារឱ្យមានស្ដង់ដារ ទំនិញមានគុណភាព និងតម្លៃសមរម្យ ដែលនឹងធ្វើឱ្យកម្រិតពាណិជ្ជកម្មទីផ្សារលក់ដុំដ៏ធំនៅភ្នំពេញមានភាពប្រសើរឡើង៕
អត្ថបទ៖ ផល កុសល រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ