រដ្ឋមន្ត្រីក្រសួង​ ៣ ប្រជុំរកវិធីអន្តរាគមន៍លើបញ្ហារកប្រភពទឹក ជូនពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ

រដ្ឋមន្ត្រីក្រសួង​ ៣ ប្រជុំរកវិធីអន្តរាគមន៍លើបញ្ហារកប្រភពទឹក ជូនពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ

រដ្ឋមន្ត្រីក្រសួងចំនួន​ ៣​ រួមមាន៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី ៣០ ខែមេសានេះ បានបើកកិច្ចប្រជុំពិភាក្សាលក្ខណៈចង្អៀត អំពីកិច្ចសហប្រតិបត្តិការ និងអន្តរាគមន៍លើបញ្ហារកប្រភពទឹក សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋ ខណៈខេត្តមួយចំនួនកំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់។  

តាមដានជាមួយយើង៖ Million Times

ជាលទ្ធផលក្រសួងទាំង ៣ បានឯកភាពគ្នាជាគោលការណ៍ធ្វើការរួមគ្នាលើវិស័យផ្គត់ផ្គត់ទឹកនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរួម ដោយកំណត់វិធានការបន្ទាន់ និងវិធានការរយៈវែងដូចខាងក្រោម៖

-ចំពោះវិធានការបន្ទាន់

ទី១. ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដី មកប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន

ទី២. ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន

ទី៣. ផ្គត់ផ្គង់ទឹកតាមមធ្យោបាយផ្សេង ដើម្បីដោះស្រាយបញ្ហាចំពោះមុខ

ចំពោះវិធានការយៈពេលវែង

១. ក្រសួងទាំង ៣ នឹងរៀបចំក្រុមការងារបច្ចេកទេស ដើម្បីធ្វើអនុស្សារណៈបែងចែកភារកិច្ចជៀសវាងភារកិច្ចជាន់គ្នាធ្វើឲ្យរាំងស្ទះក្នុងការអនុវត្ត ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

២. រៀបចំបង្កើតផែនការមេរួមគ្នា ដោយធ្វើផែនទីព័ត៌មានរួមជាមួយផែនទីរបស់ក្រសួងរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យរៀងៗខ្លួន៕