លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឲ្យអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្ដៅខ្លាំង។
សេចក្ដីណែនាំចុះថ្ងៃទី ៣០ ខែមេសានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា រដូវប្រាំងឆ្នាំ ២០២៤ អាកាសធាតុក្តៅ ហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០អង្សារ ជាពិសេសនៅចន្លោះពីម៉ោង ១០:០០ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។
ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ-អ្នកគ្រូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំដល់លោក-លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖
-ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០
-ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០
-ក្នុងមួយម៉ោងសិក្សា លោកគ្រូ-អ្នកគ្រូ ត្រូវឲ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥នាទី
-គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឲ្យយកទឹកឆ្អិនពីផ្ទះមកទទួលទាន
-ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែងអនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ៕