នៅរាត្រីថ្ងៃចន្ទ ទី២៩ ខែមេសាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមដំណើរដោយលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី បានទទួលព្រះរាជដំណើរយាងរបស់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់កម្ពុជា។
ការយាងរបស់ព្រះអង្គមកកាន់កម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី៣០ ខែមេសានេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោគឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកររដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះរាជបុត្រ អាប់ឌុល ម៉ាទីន។
ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។
បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅលើបណ្តាញសង្គម ព្រះមហាក្សត្រប្រុយណេ, លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ និងសម្តេចមានការរាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចមានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។ ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។ មិនត្រឹមតែទំនាក់ទំនងលក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌ទាំង៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គមសម្តេចប្រធានព្រឹទ្ធសភា