ចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់លោក ជា សារ៉ន សាលាដំបូងខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត។
សាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្រោយបានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់ តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ ប៉ុន្តែ មកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ព្រទាំមបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល សាលាដំបូងខេត្តកំពត កំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ដែលមានគោរមងារឧកញ៉ា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
សាលាដំបូងខេត្តកំពត បញ្ជាក់ថា ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះច្រើននាក់ ហេតុនេះតុលាការត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់៕
អត្ថបទ៖ សាង តេជៈ