នេះអាចនិយាយបានជាលើកទី១ហើយដែលមានព្រឹត្តិការណ៍យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។
សម្រាប់ព្រឹត្តិការណ៍ដ៏កម្រនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកថាជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូបនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។
លោក ឡុង ឌីម៉ង់ បានបន្ថែមថា គោលបំណងនៃព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២៕
អត្ថបទ៖ ផល កុសល