នារសៀលថ្ងៃចន្ទ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ លោក វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះលោក វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាផងដែរ។
ព្រមជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦,៨២៨,០៣២,០០០ដុល្លារ។
ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជា ដូចជា៖ ផ្សារប្រទេសចិន មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ, អាមេរិកមានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ, វៀតណាមជាង ៦ពាន់លានដុល្លារ កើនឡើង៧.៣ភាគរយ, ប្រទេសជប៉ុនជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២ភាគរយ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត៕
អត្ថបទ៖ ផល កុសល