រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ។ លោកថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសានេះ បានលើកឡើងថា វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ គឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
ឆ្លើយតបទៅនឹងរបាយការណ៍នានាពីក្រុមអង្គការសង្គមស៊ីវិលក្រៅប្រទេស លោកគូសបញ្ជាក់ថា សូមកុំអស់ សង្ឃឹមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា បើទោះមានការបំភាន់ ឬការផ្សព្វផ្សាយមិនល្អពីកម្ពុជា ចំពោះការបាត់បង់ព្រៃឈើនេះក្តី ក៏សកម្មភាពដ៏ស្រស់ស្អាតចេញពីបេះដូងខ្មែរ និងប្រកប ដោយភាពបៃតងពីក្នុងចំណោមយុវជន និងប្រជាពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើ នៅតែចែងចាំង និងជះពន្លឺបៃតងជានិច្ច។
លោកថ្លែងថា៖ «យើងក៏មានអ្នកវិនិយោគបរទេស និងដៃគូអភិឌ្ឍន៍ជាច្រើន បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់ជាតិ ដូចនេះ សូមកុំយកអតីតកាលមកកំណត់អនាគតរបស់កម្ពុជា តែត្រូវយកទង្វើនាពេលបច្ចុប្បន្ន ដែលកំពុងកើតឡើងនេះ មកធ្វើជាកត្តាវាស់វែង ដើម្បីឈានឆ្ពោះទៅសមិទ្ធផលគួរជាទីមោទនៈនាពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយរបស់ប្រជាជាតិកម្ពុជាវិញ»។
សូមជម្រាបថា កាលពីចុងឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព ដោយក្នុងនោះមានដូចជា៖ការមិនលែកលែងចំពោះអ្នកប្រព្រឹត្តិបទល្មើស ដោយតម្លាភាព គ្មានអំពើពុករលួយ និងការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព៕
អត្ថបទ៖ ពេជ្រ សុផល