លោក ទ្រី ភាព ជាអ្នកជំនួញដ៏មានឥទ្ធពលគ្រប់គ្រងលើវិស័យសំខាន់ៗក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា នៅអាណត្តិថ្មីនេះមានរាសីខ្ពស់ត្រដែតដោយទទួលបានតួនាទីជាច្រើនទាំងក្នុងជួរបក្ស និងរាជរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន សែន ចុះហត្ថលេខាសម្រេចចាត់តាំងជាបេសកជនពិសេសរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
នៅក្នុងសេចក្តីសម្រេចស្តីការចាត់តាំងបេសកជនពិសេស ប្រាប់ឲ្យថ្នាក់ដឹកនាំព្រឹទ្ធសភា អគ្គលេខាធិការ និងលោក ទ្រី ភាព ត្រូវទទួលអនុវត្តនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ លោក ទ្រី ភាព ដែលមានគោរមងារអ្នកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ត្រូវបានប្រមុខរដ្ឋស្តីទី ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ។
លោក ទ្រី ភាព មិនមានឋានៈក្នុងជួររាជរដ្ឋាភិបាលទេ តែលោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋ ជាហូរហែ រាប់ចាប់តាំងពីទីប្រឹក្សារបស់សម្តេចសង្ឃផងដែរ។ ក្រៅពីនោះ លោកក៏ជាអ្នកដើរតួនាទីសំខាន់ក្នុងជួរបក្សកាន់អំណាច ដូចជាមានតួនាទីជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយទើបនឹងត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន កម្ពុជា សម្រេចចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមពីលើខេត្តកណ្តាល កាលពីដើមឆ្នាំ២០២៤៕