សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិយើង ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។
នៅចំពោះមុខកងទ័ព និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃសុក្រនេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈមនិងកាលានុវត្តភាព នៃបរិបទទូទៅលើសាកលលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេស ទន្ទឹមនឹងការអនុវត្តភារកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ! ឈ្នះ!។
សម្តេចថ្លែងថា «ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំងសមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស»។
សម្តេចបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិយើង ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា៕
អត្ថបទ៖ សាង តេជៈ