សាលាដំបូងខេត្តសៀមរាប ចេញមកអះអាងថា តុលាការបាននឹងកំពុងចាត់ការ ហើយនឹងបន្តចាត់ការពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី របស់លោកស្រី ឡេង ចាន់ណា ប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
សេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី និងស៊ើបសួរទៅលើបុគ្គលពាក់ព័ន្ធច្រើននាក់បន្តទៀត និងទ្រព្យសម្បត្តិមួយចំនួន។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
បន្ថែមទៀតនោះ តុលាការបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សាលាដំបូងខេត្តសៀមរាបក៏បានបញ្ជាក់ដែរថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅបុគ្គលដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះដ៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឲ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋវប្បវេណីទាំងអស់តាមនីតិវិធីច្បាប់។
សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា។ ការបញ្ចប់គោរមងារឧកញ៉ារូបនេះ ធ្វើឡើង១ថ្ងៃបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តសៀមរាបធ្វើការចោទប្រកាន់ចំនួន៣បទល្មើសទាក់ទងទៅនឹងការឆបោក ចេញសែកគ្មានសាច់ប្រាក់ និងការសម្អាតប្រាក់។
លោកស្រី ឡេង ចាន់ណា ជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី និងអគ្គនាយករង២នាក់ផ្សេងទៀត រួមនឹងបក្ខពួក ត្រូវបានព្រះរាជអាជ្ញាចោទពីបទទី១ ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយក្រុមមានការចាត់តាំង តាមបញ្ញត្តិមានត្រា ៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។ ទី២ គឺការចេញសែកគ្មានសាច់ប្រាក់ និងបទចោទទី៣ គឺការសម្អាតប្រាក់។
គួររំលឹកថា លោកស្រីនិងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌកាលពីខែធ្នូ ឆ្នាំ២០២៣។ ពួកគេត្រូវប្រជាពលរដ្ឋចោទថាបានបោកលុយជាច្រើនលានដុល្លារពីពួកគេ ក្រោមរូបភាពទិញដី ទិញផ្ទះ និងចូលរួមវិនិយោគដោយទទួលបានការប្រាក់ខ្ពស់ខណៈអ្នកចូលរួមទាំងនោះ ទទួលបានប្រាក់ចំណេញតែប៉ុន្មានខែដំបូងប៉ុណ្ណោះ រួចហើយក៏លែងបានជារៀងរហូត៕
អត្ថបទ៖ សាង តេជៈ