ខណៈដែលប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជា និងកំពុងរស់នៅតាមបណ្តាប្រទេសនានាលើពិភពលោកកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឬមហាសង្រ្កានខ្មែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យសង្រ្កានខ្មែរ ព្រមទាំងប្រទេសកំពុងរៀបចំពិធីសង្រ្កាន្តនៅក្នុងតំបន់អាស៊ានមួយចំនួនទៀត។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ចូ បៃដិន និងភរិយា (លោកស្រី ជីត្រេសុីចាកូប បៃដិន- Jill Tracy Jacobs Biden) បានផ្ញើសារអបអរសាទរ និងជូនពរចំពោះប្រជាជនដែលកំពុងមានការជួបជុំប្រារព្ធពិធីបុណ្យ វៃសាគី (Vaisakhi), ណាវរ៉ាទ្រី (Navratri), សង្រ្កាន្ត (Songkran) និងចូលឆ្នាំថ្មីក្នុងសប្តាហ៍នេះ សូមឲ្យមានភាពកក់ក្តៅ និងរីករាយក្នុងសហគមន៍។
ទន្ទឹមនឹងនេះ លោក បៃដិន ក៏បានប្រកាសអបអរសាទររីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ, ឡាវ, ភូមា, នេប៉ាល, ស៊ិនហាលេស (Sinhalese), តាមើល (Tamil), ថៃ និងវីស៊ូ (Vishu)។
យោងតាមសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស.២០២៤ បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មានរយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត គឺថ្ងៃសៅរ៍ ជាថ្ងៃចូលឆ្នាំរោង ឆស័ក, ថ្ងៃអាទិត្យ ជាវារៈវ័នបត, ថ្ងៃចន្ទ ជាវារៈវ័នបត្រ និងថ្ងៃអង្គារ ជាវារៈឡើងស័ក គម្រប់ ៤ថ្ងៃ។
ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅតាមបណ្តារាជធានីខេត្តក្រុងខណ្ឌ វត្តអារាម សាលារៀន តាមភូមិ គឺមានការរៀបចំពិធីសង្រ្កាន្តអបអរសាទរយ៉ាងផុសផលក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិដ៏ធំដែលមានប្រវត្តិដ៏ឡុងណាស់មកហើយមួយនេះយ៉ាងអធិកអធម៕
អត្ថបទ៖ សាង តេជៈ