៤៥៥គ្រឿងរដ្ឋរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃទៅលេងស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

៤៥៥គ្រឿងរដ្ឋរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃទៅលេងស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

នាព្រឹកថ្ងៃស្រុក ខែមេសានេះ ប្រជាពលរដ្ឋចាប់ចេញដំណើរទៅកាន់ស្រុកកំណើតតាមមធ្យោបាយរៀងៗខ្លួន និងតាមរថយន្តតាក់ស៊ី ឬរថយន្តក្រុង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរតាមបណ្តាខេត្តក្រុងនានា។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំសេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃចំនួន ៤៥៥គ្រឿងសម្រាប់ដឹកជញ្ជូនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការរៀបចំដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយមិនមានការបង់ប្រាក់រយ:ពេល ០៦ថ្ងៃ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅតាមបណ្តាខេត្ត ក្រុងនានា។ក្រៅពីការផ្តល់សេវាឥតគិតថ្លៃហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ​ក៏មាន​បម្រើ​ទឹក​សុទ្ធ​បន្ថែម​។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។

ជាមួយគ្នានោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតសម្តេចណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញ តែងតែបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ដឹកជញ្ជូនទៅស្រុកកំណើត ដោយឥតគិតថ្លៃ ដើម្បីសំរួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ហើយការព្រឹត្តិការណ៍រៀបចំបោះឆ្នោតថ្នាក់ជាតិពេលកន្លងទៅក៏បានរៀបចំរថយន្តក្រុងសាធារណៈផងដែរ៕

អត្ថបទ៖ ប៉ាកា ឥទ្ធិពល