ផ្លូវ ចំណតរថយន្ត បន្ទប់ទឹក អាហារដ្ឋា កន្លែងបោះតង់ ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ត្រូវអភិវឌ្ឍន៍តំបន់ខ្នងផ្សារ

តំបន់ខ្នងផ្សារ ត្រូវបានអនុម័តផែនការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។ នេះបើតាមកិច្ចប្រជុំរបស់ក្រសួងបរិស្ថានកាលពីថ្ងៃ ១០ ខែមេសា ម្សិលមិញនេះ។

តាមដានជាមួយយើង៖ Million Times

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា ស្ដី​ពី​ការ​សាងសង់​ផ្លូវ​ទៅ​កាន់​តំបន់​ខ្នង​ផ្សារ ក្រោម​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា CESLEP ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​តំណាង​ធនាគារ​ពិភពលោក។

ក្នុង​កិច្ចប្រជុំ​បាន​ពិនិត្យ​ទៅ​លើ​លទ្ធភាព​នៃ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ចាប់ផ្ដើម​ពី​ការ​ជួសជុល​កែ​លម្អ​ផ្លូវ ជា​យុទ្ធសាស្ត្រ​ឲ្យ​មាន​ភាព​ធន់ និង​មាន​និរន្តរភាព ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ មក​កាន់​ភ្នំ​ខ្នង​ផ្សារ ដែល​​រាជរដ្ឋាភិបាល​កម្ពុជា​​ បាន​ប្រកាស​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​នេះ។

គម្រោង​នេះ​ក៏​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ ទីតាំង​ចត​រថយន្ត បន្ទប់ទឹក និង​កន្លែង​ងូត​ទឹក មជ្ឈមណ្ឌល​ព័ត៌មាន មជ្ឈមណ្ឌល​សង្គ្រោះ​បឋម អាហារដ្ឋាន និង​ការ​អភិវឌ្ឍ​ទីតាំង សម្រាប់​បោះតង់​ជា​ដើម។ ការ​រចនា​គិតគូរ​បញ្ចូល​ស្ថាបត្យកម្ម​ខ្មែរ និង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ដូច​ជា​ពន្លឺ​ព្រះអាទិត្យ ជំនួស​ឲ្យ​ថាមពល​អគ្គិសនី។ ទន្ទឹម​នឹង​នោះ ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ក៏​ត្រូវ​បាន​បញ្ចូល​ផង​ដែរ ដើម្បី​បង្កើន​សោភ័ណភាព​ធម្មជាតិ​នៃ​តំបន់​នោះ​ផងដែរ។

ក្រសួង​បរិស្ថាន​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា រួម​ទាំង​ធនាគារ​ពិភពលោក និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធានា​ភាព​ជោគជ័យ​នៃ​គម្រោង​នេះ។

ចក្ខុវិស័យ​វែងឆ្ងាយ​នេះ ត្រូវ​បាន​​ផ្ដួចផ្ដើម​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​បាន​កំណត់​យក​គម្រោង​អភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ​ឲ្យ​ក្លាយ​ជា​គោលដៅ​លំហែ​បៃតង​គំរូ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ព្រោះ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ​នេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ទាក់ទាញ​ទេសចរណ៍ ដោយ​នៅ​តែ​រក្សា​បាន​នូវ​តុល្យភាព​នៃ​បរិស្ថាន និង​សោភ័ណភាព​ធម្មជាតិ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FB នារីចល័តចរ – Neary Chalat Chor និង អ៊ាង សុផល្លែត