នៅព្រឹកថ្ងៃ ៨ ខែមេសា ឆ្នាំ ២០២៥ នេះមានកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូក តាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ដែលមានការចូលរួមពីក្រសួងធំៗជាច្រើន។


កិច្ចប្រជុំបានធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាពីគំនិតផ្ដួចផ្ដើម គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍តាមដងទន្លេមេគង្គ និងទន្លេសាប ក្នុងគោលបំណងពង្រឹង/ពង្រីកផលិតផលទេសចរណ៍ និងគុណភាពទេសចរណ៍កម្ពុជា ប្រកបដោយភាពទាក់ទាញ។
នាកិច្ចប្រជុំដ៏សំខាន់ ដែលជួយលើកស្ទួយវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនទៅមុខ មានវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។


ផែនការថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរនេះ ដើម្បីកៀរគរវិនិយោគិន និងបង្កើនចំណូលពីតំបន់ដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយផ្ដោតលើការសាងសង់ផែមួយចំនួនតាមដងទន្លេ ជំរុញបង្កើតសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញទាក់ទាញវិស័យទេសចរណ៍ សំដៅបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គ និងបឹងទន្លេសាបឲ្យមានភាពរីកចម្រើនធូរធារ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕


អត្ថបទ៖ មេរ៉ា៖ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម