ស្ថាបនិកក្រុមហ៊ុន Meta Platforms មហាសេដ្ឋី Mark Zuckerberg បានចំណាយប្រាក់ប្រហែល ២៣លានដុល្លារ ដើម្បីទិញភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅក្នុងទីក្រុង Washington ដែលមានចំងាយត្រឹម ១៥នាទី ពីសេតវិមានប៉ុណ្ណោះ។


យោងតាមការអះអាងពីគេហទំព័រ Page Six បានឲ្យដឹងថា ការទិញអចលនទ្រព្យដ៏ថ្លៃរបស់លោក Mark កំពុងបង្ហាញពីនិន្នាការកើនឡើងនៃចំនួនមហាសេដ្ឋីអាមេរិក ដែលសម្រុកទិញផ្ទះនៅក្បែរសេតវិមាន អំឡុងពេលលោក Donald Trump កាន់អំណាចជាប្រធានាធិបតីអាណត្តិទី២ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេទៅកាន់លោក។
សារព័ត៌មាន Politico រាយការណ៍ថា អចលនទ្រព្យមួយនេះត្រូវបានទិញកាលពីខែមីនា តាមរយៈក្រុមហ៊ុន Delaware LLC ដោយបង់ជាសាច់ប្រាក់សុទ្ធចំនួន ២៣លានដុល្លារ និងជាផ្ទះមានតម្លៃថ្លៃបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រទិញលក់អចលនទ្រព្យក្នុងទីក្រុង Washington។

គួរជម្រាបដែរថា ភូមិគ្រឹះថ្មីរបស់មហាសេដ្ឋី Mark Zuckerberg គឺមានទំហំប្រហែល ១ ៣០០ម៉ែត្រការ៉េ និងមានបន្ទប់គេងចំនួន៥ បន្ទប់ទឹក៧ ចង្ក្រានបាយ២ និងកន្លែងអាំងភ្លើងចំនួន៣។
បរិវេណខាងក្រៅផ្ទះវិញ មានសភាពធំទូលាយខ្លាំង ដោយមានកន្លែងលេងបាល់បោះ និងអាងហែលទឹក រួមទាំងជញ្ជាំងដ៏ខ្ពស់ធានាបាននូវសុវត្ថិភាព និងឯកជនភាពសម្រាប់ម្ចាស់ផ្ទះ៕
អត្ថបទ៖ Luffy រូបភាព៖ Elle Decor / Politico