មហាសេដ្ឋី គិត ម៉េង មានរូបមន្តម្យ៉ាង ពេលចាប់ផ្តើមធុរកិច្ចដំបូងជា​សហគ្រិនវ័យក្មេង


ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គ​នាយ​ប្រតិបត្តិ ក្រុមហ៊ន រ៉ូយ៉ាល់ គ្រុប​​ដែល​នរណា​ៗ​ក៏​ស្គាល់​យ៉ាង​ច្បាស់​គឺជាមហាសេដ្ឋី គិត ម៉េង នោះ តែងតែ​ចែក​រំលែក​ចំណេះដឹង​ផ្នែក​មុខ​ជំនួញ និង​ការ​ត្រៀម​ខ្លួន ដើម្បី​ប្រឡូក​ក្នុង​ការងារ​ជា​ធុរកិច្ច​ជន ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ។

តាមដានជាមួយយើង៖ Million Times

ជានិច្ច​កាល​មិនថា​សំណេរ ឬ​ក៏​វីដេអូ​ដែល​លើក​ឡើង​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួនរបស់មហា​សេដ្ឋី គិត ម៉េង ​ឡើយ បាន​ផ្ដល់​​ប្រយោជន៍​​ធំធេង ​ដល់​អ្នក​ចាប់ផ្ដើម​បើក​អាជីវកម្ម​ខ្លួនឯង។ សម្រាប់​ពេល​ចាប់ផ្ដើម​ធុរកិច្ច​ដំបូង​ក្នុង​ឋានៈ​ជា​សហគ្រិន​វ័យ​ក្មេង​មួយ​រូប​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គ​នាយ​ប្រតិបត្តិ ក្រុមហ៊ន រ៉ូយ៉ាល់ គ្រុប​​ បាន​ផ្ដោត​សំខាន់លើ​មាន​ «ភាព​សាមញ្ញ» ធ្វើឲ្យ​ជំនួញ​រស់រាន ទទួលជោគជ័យ និង​កសាង​ទ្រព្យ​សម្បត្តិ។

សម្រង់​សម្ដី​ដ៏​មាន​ន័យ​របស់មហាសេដ្ឋី គិត ម៉េង “ភាព​ជោគជ័យពិតប្រាកដមិនមែនគ្រាន់តែធ្វើឲ្យទ្រព្យ ឬ​អំណាច​របស់​ខ្លួន​កើន​ទ្បើង​នោះ​ទេ។ ភាពជោគជ័យពិតប្រាកដគឺការរួមចំណែកធ្វើឲ្យមានផលវិជ្ជមានដើម្បីបុព្វហេតុណាមួយដែលធំជាងប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក”។

មហាសេដ្ឋី​ជួរ​មុខ​នៃ​​កម្ពុជា​រូប​នេះ បាន​ទទួល​ស្គាល់​ថា “ខ្ញុំធ្លាប់គិតថា​ភាពជោគជ័យ​ត្រូវ​បាន​វាស់វែង​ដោយ​ទំហំទឹកប្រាក់ដែលខ្ញុំមានក្នុងគណនីធនាគាររបស់ខ្ញុំ។ ប៉ុន្តែ​ក្រោយ​ពេល​មាន​ភាព​ចាស់ទុំ ចាស់ចិត្តចាស់គំនិត ខ្ញុំ​បាន​យល់​ដឹង​ថា រង្វាស់​ពិត​ប្រាកដ​នៃ​ភាព​ជោគជ័យ គឺ​ការ​ធ្វើឲ្យ​មាន​ផល ឬ​ឥទ្ធិពល​វិជ្ជមាន​របស់​អ្នក លើ​អ្នកដទៃ“។

កំពូល​អ្នក​ជំនួញ​វាល់​លាន​បាន​បញ្ជាក់​ថា ពេល​វេលា​​​មាន​មោទនភាព​បំផុត​នោះ គឺ​ពេល​ដែល​អាច​ធ្វើឲ្យមានការផ្លាស់ប្តូរវិជ្ជមានដើម្បីអ្នកដទៃ មិន​ថា​ជា​ការ​ជួយ​សហគ្រិន​វ័យក្មេង​ម្នាក់​ឲ្យ​សម្រេច​គោលដៅ​របស់​ខ្លួន, មិន​ថា​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​ដល់​សង្គមជាតិ ឬ​ការ​ផ្ដល់​ការងារ​ដែល​ធ្វើឲ្យ​មាន​ស្ថិរភាព និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចៀស​ផុត​ពី​ភាព​ក្រីក្រ​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គ​នាយ​ប្រតិបត្តិ ក្រុមហ៊ន រ៉ូយ៉ាល់ គ្រុប​ បាន​​បន្ថែម​ទៀត​ថា នៅ​ពេល​អ្នក​ចូល​រួម​ចំណែក​ដើម្បី​បុព្វហេតុ​ណាមួយ​ដែល​ធំ​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន អ្នក​បង្កើតឥទ្ធិពលវិជ្ជមានលើមនុស្សតៗគ្នា។ សកម្មភាព​របស់​អ្នក​ជំរុញ​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច​អ្នក។ បុគ្គលិក ដៃគូ និង​សូម្បីតែ​ដៃ​គូ​ប្រកួតប្រជែង​នឹង​ចាប់​អារម្មណ៍​លើ​សកម្មភាព​នេះ ហើយ​នឹង​ធ្វើ​តាម​របៀប​ដឹកនាំ​របស់​អ្នក។ យូរ​ៗ​ទៅ កិច្ច​ខិតខំប្រឹងប្រែងរួមគ្នានេះអាចផ្លាស់ប្តូរមុខជំនួញ សហគមន៍ និង​ពិភព​លោក​បាន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Royal Group