ម៉ាដាម ដា បរាជ័យធ្ងន់ធ្ងរមុខជំនួញ​ផ្ទួនៗ និងជាប់បំណុលគេពិតមែន

ធ្លាប់​តែ​ឃើញ​ឡូយឆាយ​លើ​បណ្ដាញ​សង្គម ស្រាប់តែ​កាលពី​ចុង​ឆ្នាំ ២០២៤ កន្លង​ទៅ​ល្បី​ថា អ្នក​ជំនួញ​ស្រី សៀន សូលីនដា ហៅ ម៉ាដាម ដា បាន​ជំពាក់​បំណុល​ចិន​ម្ដង​រួច​មក​ហើយ។ ស្រាប់តែ​ល្បី​ៗ​នេះ​ប្អូនស្រី​អ្នកនាង ដែល​មាន​ឈ្មោះ សៀន សូលក្ខិណា ឬ Ah Pop ចេញ​មក​ពី​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​របស់​បងស្រី​ខ្លួន។

តាមដានជាមួយយើង៖ Million Times

កន្លង​មក​គេ​តែងតែ​ហៅ​អ្នក​ជំនាញ​ស្រី​ដ៏​ល្បី​រូប​នេះ​ជា​សេដ្ឋី​នីអនឡាញ ដែលចូលចិត្ត​​ចាយ​ជីវិត​ហាយសូ បង្អួត​​​សម្ភារៈ​ប្រេន​ៗ និង​ដូរ​សេរី​ឡាន​ថ្មី​ញឹកញាប់។ ប៉ុន្តែ​អ្វី​ដែល​មហាជន​មើល​ឃើញ​លើ​បណ្ដាញ​សង្គម រឿង​ខ្លះ​មិនមែន​ជា​ជីវិត​ជាក់ស្ដែង​ឡើយ ដោយ​ការពិត ម៉ាដាម ដា ជួបប្រទះ​​បញ្ហា​ហិរញ្ញវត្ថុ​តាំងពី​មុន​ជំនាន់​ការ​រាតត្បាត​ជំងឺ​កូវីត-១៩ ទៅទៀត។

ក្នុង​នោះ​អ្នក​ជំនាញ​អនឡាញ សៀន សូលក្ខិណា ហៅ Ah Pop បញ្ជាក់​ថា បញ្ហា​ច្រើន​រួម​ទាំង​ផ្ទៃ​ក្នុង​កិបកេង​ប្រាក់, សាងសង់​អាគារ​ផលិតផលcosmetic នៅ​ថៃ ត្រូវ​ផ្អាក​កំឡុង​ពេល​មាន​ជំងឺ​កូវីត ហើយ​មេការ​សំណង់​យក​ថ្លៃ​សាងសង់​រត់​ចោល​បាត់​ជាដើម។

នៅ​មិន​ទាន់​អស់​ឡើយ អ្នក​ជំនួញ​ដ៏​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ភាសា​ថៃ ក៏​នៅ​ខាត​ទុន​ទៅ​លើ​រឿង​បណ្ដាក់ទុន បើក​គ្លីនិក​កែ​សម្ផស្ស​ផ្ទះ​ ៣ ល្វែង​បូក​ចូល​គ្នា ដែល​ដេគ័រ​រួចរាល់​ហើយ​នោះ បែរ​ជា​ផ្អាក​មិន​អាច​ដំណើរ​ការ​បាន និង​រឿង​ផលិតផល​ថែរក្សា​ស្បែក​ធ្វើ​ទីផ្សារ​ខុស បូក​បញ្ចូល​ទាំង​ជះ​ប្រាក់​ទៅ​លើ​ការ​ជួល BA ជា​តារា​បរទេស​ថែម​ទៀត​ផង។

​អ្វី​ដែល​ធ្វើឲ្យ​ម្ចាស់​ប្រេន Da colla C ជួប​ប្រទះ​បញ្ហា​គ្រួសារ​បែកបាក់ ដែល​ធ្វើឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត និង​មិន​អាច​គ្រប់គ្រង​ចំណូល​ចំណាយ​បាន ជា​ផ្នែក​មួយ​ធ្វើឲ្យ​ហិរញ្ញវត្ថុ​កាន់តែ​ដុនដាប។ ក្រោយ​ប្អូនស្រី​បង្ហោះរៀបរាប់​រឿង​ហិរញ្ញវត្ថុ ម៉ាដាម ដា ក៏​បាន​ Live ទទួលស្គាល់​ថា​កំពុង​បរាជ័យ​មុខជំនួញ គ្មាន​សូម្បីប្រាក់ខែ​បើក​ឲ្យ​បុគ្គលិក ហើយក៏​ជំពាក់​បំណុលគេពិតមែន។

ម៉ាដាម ដា ធ្លាប់តែ​ល្បីឈ្មោះ​ជា​អ្នក​ជំនួញ​អនឡាញ​ជើងខ្លាំង និង​កាន់កាប់​ជំនួញ​ជាច្រើន​ក្នុង​ដៃ តែ​មិន​នឹកស្មាន​បែរជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញ​វត្ថុ​ធ្ងន់ធ្ងរ​ខ្លាំង​ដូចនេះ​ឡើយ៕

ប្លង់ហាងកែសម្ផស្ស

អាគារសាងសង់នៅថៃ

អត្ថបទ៖ មេរ៉ា,រូបភាព៖ MADAM DA និង Madam Chorda