សម្រាប់អ្នករកស៊ីអចលនទ្រព្យមួយចំនួនប្រាកដជាធ្លាប់ប្រឡូកដោយផ្ទាល់ដល់ទីតាំងដី បើទោះបីចុះទឹកកាត់ផុកកាត់ព្រៃស្ថិតក្នុងតំបន់ពិបាកយ៉ាងណាក៏ដោយ ក៏នៅបន្តដំណើរ។ ជាក់ស្តែងអ្នកជំនួញវ័យក្មេងរូបនេះ ជិះទូកដើររកទិញដីក្នុងតំបន់លិចទឹក ចុះវាលហាលក្តៅហាលភ្លៀង ពិសេសលុកលុុយតំបន់លិចទឹកម្តុំព្រលានយន្តហោះតេជោថ្មីនៅក្រុងតាខ្មៅ តែម្តងដើម្បីស្វែងរកឱកាសវិនិយោគ។
អ្នកជំនួញវ័យក្មេងរូបនេះ គឺគ្មាននរណាក្រៅពីប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន នោះទេ ដែលបានប្រែក្លាយវិវត្តន៍ខ្លួនមិនធម្មតា ដោយចេះអភិវឌ្ឍន៏ខ្លួនតាំងពីប្រាក់ខែ ២៥០ដុល្លា រហូតទទួលបានភាពជោគជ័យដល់បច្ចុប្បន្ន។


ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរសាភា ក្នុងកម្មវិធី«បទពិសោធជីវិត» ថ្មីៗនេះ អ្នកឧកញ៉ា សំ សុខនឿន ថា ភាពជោគជ័យទាំងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែង តស៊ូ ព្យាយាម ជំនះរាល់ឧបសគ្គនានាក្នុងការសិក្សារបស់លោក រហូតបានឡើងមករៀនសូត្រដល់រាជធានីភ្នំពេញ ដោយប្រែក្លាយពីបុគ្គលិកអ្នកបកប្រែភាសាអង់គ្លេស ក្នុងនោះលោកធ្វើការផងរៀនផង ដោយយកលុយពីប្រាក់ខែទាំងនោះមកចំណាយលើការសិក្សាផង ការស្នាក់នៅ និងការបង្កើតឱកាសរកស៊ីឲ្យខ្លួនឯងផង។
អ្នកឧកញ៉ាបន្តថា ការងារជាអ្នកបកប្រែបានជួយនាំផ្លូវលោកឲ្យស្គាល់ជនបរទេសជាច្រើន ដែលបានបណ្តាក់ទុនរកស៊ីផ្នែកអចលនទ្រព្យនៅកម្ពុជា រហូតក្លាយពីអ្នកបកប្រែទៅជាបុគ្គលិកភ្នាក់ងារអចលនទ្រព្យឲ្យក្រុមហ៊ុនម៉ាឡេស៊ី ប៉ុន្តែក្នុងពេលនោះ លោកមិនទាន់ទទួលបានជោគជ័យភ្លាមៗនោះឡើយ។
ក្នុងអំឡុងឆ្នាំ២០១១ ឧកញ៉ា សំ សុខនឿន ត្រឹមតែជាអ្នកលក់អចលនទ្រព្យប៉ុណ្ណោះ លុះធ្វើការយូរៗទៅដោយបានចំណេះនិងបានលុយពីការសន្សំពីការងារផងនោះ បានធ្វើឲ្យលោកមានមហិច្ឆតាចង់ក្លាយទៅជាអ្នកវិនិយោគអចលនទ្រព្យដ៏ធំនៅកម្ពុជា។ អ្នកឧកញ៉ាមានប្រសាសន៍ថា «ខ្ញុំបានប្រថុយលក់ផ្ទះដែលរកបានដោយញើសឈាមរបស់ខ្ញុំចំនួន ៣កន្លែង យកទៅបណ្តាក់ទុនរកស៊ី។ ខ្ញុំបានចាប់ផ្តើមក្រុមហ៊ុនមួយមានឈ្មោះថា ក្រុមហ៊ុន SAM SN Realty ដោយដើរទិញដី និងជាភ្នាក់ងារអចលនទ្រព្យ»។

នាគ្រានោះ លោកបានជិះទូកដើររកទិញដីក្នុងតំបន់លិចទឹកដែលមានតម្លៃធូថ្លៃ ម្តុំអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារតែលោកជឿជាក់ថានៅតំបន់នោះនឹងមានព្រលានយន្តហោះថ្មី ក៏ព្រោះលោកបានដឹងពីព័ត៌មានច្បាស់ពីការអភិវឌ្ឍន៍ព្រលានថ្មី។ ដោយរកស៊ីបណ្តើរ និងរង់ចាំលក់ដីបានថ្លៃបណ្តើរ បានធ្វើឲ្យអ្នកឧកញ៉ា សំ សុខនឿន កាន់តែក្លាហានជាងមុន និងហានយកលុយពីធនាគារផង និងយកប្លង់ផ្ទះរបស់ឪពុកម្តាយផងមកបញ្ចាំដើម្បីពង្រីកការរកស៊ីបន្ថែមទៀត។
ទោះបីជាជោគជ័យ និងមមាញឹកក្នុងការងាររកស៊ីខាងអចលនទ្រព្យយ៉ាងណាក៏ដោយ ក៏អ្នកឧកញ៉ា សំ សុខនឿន មិនភ្លេចឡើយជាមួយការសិក្សាបន្ថែមទៀតនៅក្រៅប្រទេស រហូតបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី និងថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេសផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។

បច្ចុប្បន្ន អ្នកឧកញ៉ា សំ សុខនឿន ក្លាយទៅជាអ្នកវិនិយោគ លើអចនទ្រព្យនៅកម្ពុជាដ៏ជោគជ័យមួយរូប រហូតមានកេរ៏ឈ្មោះល្បីល្បាញ ពង្រីកអាជីវកម្មជាច្រើននៅក្នុងដៃរាប់ចាប់ពីវិស័យអចលនទ្រព្យ កសិ-ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស សុខាភិបាល នាំចូលសម្ភារៈវេជ្ជសាស្រ្ត ថ្នាំពេទ្យ អប់រំ និងប្រព័ន្ធផ្សព្វផ្សាយជាដើម៕




អត្ថបទ៖ ទេព សុវណ្ណមោលី រូបភាព៖ ផ្តល់ឲ្យ