ក្រុមហ៊ុន China Minsheng Stone Industry Group ដោយមានការសម្របសម្រួលដោយផ្ទាល់ពីលោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អំពីការចុះបញ្ជីបណ្តាក់ទុនវិនិយោគលើការកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។


កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន ប្រទេសចិន តាមរយៈការសម្របសម្រួលពីលោកស្រី ឡេង ដាវី បន្ទាប់ពីបញ្ចប់បេសកកម្មនាពេលថ្មីៗនេះ ចូលរួមពិព័រណ៍ថ្មអន្តរជាតិ សៀមែន លើកទី២៥ ស្ថិតនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន ក្រោមការដឹកនាំពីលោកឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមថ្មអារកម្ពុជា និងលោកស្រីផ្ទាល់។
នៅក្នុងជំនួបនេះ លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម។

លោកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា បានឲ្យដឹងថា តាមរយៈជំនួបនេះជាមួយ CDC ក្រុមហ៊ុន China Minsheng Stone Industry Group មានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។
លោកស្រីលើកឡើងថា ក្រៅពីវិនិយោគលើការកែច្នៃហើយនោះ ក្រុមហ៊ុនម៏នឹងមានការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោកស្រី ឡេង ដាវី បានបញ្ជាក់ថា៖ «លទ្ធផលវិនិយោគថ្មីនេះមិនមែនមានតែក្រុមហ៊ុន China Minsheng Stone Industry Group នោះទេ យើងនឹងមានក្រុមហ៊ុនជាច្រើនទៀត ដែលត្រៀមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាបន្ថែមការបញ្ជាទិញពីយើង តាមរយៈសមាគមថ្មអារកម្ពុជា ដែលកើតចេញពីផ្លែផ្កានៃការចូលរួមពិព័រណ៍ថ្មអន្តរជាតិ សៀមែន នៅចិននាថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥»។
បើតាមការបញ្ជាក់ពីលោកស្រីអនុប្រធានសមាគមថ្មអារកម្ពុជា ថ្មខ្មែរជាច្រើនប្រភេទបានទៅដាក់តាំងបង្ហាញជាច្រើនឆ្នាំមកហើយសម្រាប់ពិព័រណ៍នៅសៀមែន (Xiamen)នេះគឺជា ការតាំងបង្ហាញ ជាសកលដែលបានផលពិតមែន។ លោកស្រីបញ្ជាក់បន្ថែមថា ថ្មខ្មែរបានលក់ចេញទៅទូទាំងសកល ក្នុងរយៈពេល១០ឆ្នាំមកនេះ។ លទ្ធផលទទួលបានវិជ្ជមានជាច្រើន ដូចជា ការលក់, ការទទួលបានការបញ្ជាទិញ ទទួលបានដៃគូសហការធ្វើទីផ្សារទទួលទិញ ដើម្បីចែកចាយបន្តទៅប្រទេសចិន, អឺរ៉ុប, អាមេរិក, អូស្រ្តាលី, ហ្វីលីពីន និងនេបាល់ជាដើម៕



អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ CDC