ស្ថាបនិកក្រុមហ៊ុន ByteDance Ltd ដែលជាមេធំរបស់កម្មវិធីល្បីឈ្មោះ TikTok មហាសេដ្ឋី Zhang Yiming បានក្លាយជាមនុស្សកំពូលលុយ មានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន។ នេះបើតាមការចុះផ្សាយពីគេហទំព័រនិយាយពីអ្នកមាន Bloomberg។


Bloomberg បានអះអាងថា ទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងខ្លាំង រហូតដល់ ១០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុន ByteDance កើនឡើងខ្ពស់ ក្រោយមានដំណឹងល្អពីទីផ្សារ ពោលក្រុមហ៊ុនកំពូលៗជាច្រើនបានប្រកាសពីការបណ្ដាក់ទុន ជាមួយក្រុមហ៊ុនចិនមួយនេះ រួមមាន BlackRock Inc, Fidelity Investment និង T. Rowe Price Group Inc ជាដើម។
បច្ចុប្បន្ន លោក Zhang មានទ្រព្យសម្បត្តិសរុបប្រហែល ៥៧,៥ពាន់លានដុល្លារ ជាបុគ្គលមានទ្រព្យច្រើនបំផុតនៅប្រទេសចិន និងជាមហាសេដ្ឋីមានបំផុតទី៣ ប្រចាំតំបន់អាស៊ី បន្ទាប់ពីស្ដេចត្រាញ់ឥណ្ឌា Mukesh Ambani និង Gautam Adani។
ថ្វីដ្បិត Bloomberg ចាត់ទុកលោក Zhang Yiming ជាមហាសេដ្ឋីមានបំផុតនៅចិនពិតមែន ប៉ុន្តែបច្ចុប្បន្នមេធំក្រុមហ៊ុន TikTok រូបនេះ កំពុងរស់នៅយ៉ាងសោយសុខក្នុងប្រទេសសិង្ហបុរី ខណៈប្រភពចំណូលធំរបស់លោក គឺបានមកពីចំណែកភាគហ៊ុន ២១% ក្នុងក្រុមហ៊ុនកំពូល ByteDance៕
អត្ថបទ៖ Luffy រូបភាព៖ China Daily