អ្នកឧកញ៉ា ហេង បូរិន សរសើរអភិបាល​ខេត្តកំពង់ធំ ក្មេងពិត តែសមត្ថភាពខ្លាំង

អគ្គនាយក​ក្រុមហ៊ុន​បុរី ហេង បូរិន គ្រុប គឺ​អ្នកឧកញ៉ា ហេង បូរិន បាន​បង្ហោះ​សារ​កោតសរសើរ​ដល់​អភិបាល​ខេត្ត​កំពង់ធំ នួន ផារ័ត្ន ដែលទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ផ្ទាល់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់តាំង​ពី​ចូល​កាន់​តំណែង។

តាមដានជាមួយយើង៖ Million Times


អ្នកឧកញ៉ា ហេង បូរិន ជា​បុគ្គល​មិន​ងាយ​សរសើរ​នរណា​ផ្ដេសផ្ដាស​ឡើយ។ កាលពី​ពេល​ថ្មី​ៗ​នេះ អគ្គនាយក​ក្រុមហ៊ុន​បុរី ហេង បូរិន បាន​​ចុះ​ទៅ​កម្មវិធី​សំណេះសំណាល​ និង​ចែក​អំណោយ​សប្បុរសធម៌​ប្រចាំ​ឆ្នាំ ២០២៥ របស់​សមាគម​ឧកញ៉ា​កម្ពុជា ក្រោម​ប្រធាន​បទ​“ទាំងអស់គ្នា​ ដើម្បី​ការ​អប់រំ​” វគ្គ២​ ទាំង ៥ សាលា​ផ្សេង​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់ធំ ហើយ​ក៏​បាន​ជួប​គ្នា​ជាមួយ​អភិបាល​ខេត្ត។

នា​គ្រា​នោះ ក្រោយ​ចប់​ការងារ​​ចែក​អំណោយ​នោះ អគ្គនាយក​ក្រុមហ៊ុន​បុរី ហេង បូរិន គ្រុប ​​បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ លោក នួន ផារ័ត្ន ផ្ទាល់​នៅ​ទី​នោះ និង​បាន​ថតរូប​ទុក​ជា​អនុស្សាវរីយ​ថែម​ទៀត​ផង។

សមាជិក​សកម្ម​ក្នុង​សមាគម​ឧកញ៉ា​កម្ពុជា​រូបនេះ បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា “សូម​សរសើរ​ឯកឧត្ដម នួន ផារ័ត្ន អភិបាល​នៃ​គណៈ​អភិបាល​​ខេត្ត​កំពង់​ធំ នៅ​ក្មេង​មាន​សមត្ថភាព​ពូកែ និង​ភាព​វៃ​ឆ្លាត​ ក្នុង​ការ​ដឹកនាំ​ខេត្ត​ ឱ្យ​មាន​ការ​អភិវឌ្ឍ។ នៅ​ក្មេង​តែ​មាន​សមត្ថភាព​ក្លាយ​ជា​អភិបាល​ខេត្ត​ទៅ​ហើយ” ។

អភិបាល​ខេត្ត​កំពង់ធំ ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​ប្រជាជន​ក្នុង​ស្រុក ហើយ​ថ្មី​ៗ​នេះលោក​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​តំបន់ ៣ នៅ​ជុំវិញ​បឹង​ទន្លេសាប។ ទីតាំង​រាប់​ពាន់​ហិកតា ដែល​ធ្លាប់​បាន​ទន្ទ្រាន​ពី​ពេល​មុន បាន​លេចចេញ​ជា​ព្រៃ​លិច​ទឹក​បណ្ដើរ​ៗ​វិញ​ហើយ។

ចំណែក​រឿង​ដ៏​ល្អ​មួយ​ទៀត គឺ​លោក នួន ផារ័ត្ន បាន​ចុះ​កែកុន​ហេដ្ឋារចនាសម្ព័ន្ធ និង​តុបតែង​លម្អ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​មើល​ទៅ​ស្រស់​ស្អាត និង​ល្បី​រន្ទឺ​ពាសពេញ​ផ្ទៃ​ប្រទេស ព្រោះ​ជា​ផ្នែក​មួយ​នៃ​មុខមាត់​ខេត្ត។

អំឡុងឆ្នាំ ២០១៧ លោក នួន ផា​រ័ត្ន អាយុ ៣៧ ឆ្នាំ បាន​ក្លាយ​ជា​អភិបាលរង​​រាជធានី​ភ្នំពេញ ហើយ​មុន​ជា​អភិបាករងលោក​ក៏​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត​។ ចូល​មក​ពាក់កណ្ដាល​ឆ្នាំ ២០២៤ លោក​ទទួលបាន​ការ​តែងតាំង​​ជា​អភិបាល​ខេត្តកំពង់ធំ នៅ​វ័យ ៤៤-៤៥ ឆ្នាំ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Heng Borin