ទោះកន្លងផុតយូរ តែសេដ្ឋីនី ម៉ៅ ចំណាន បានរំលឹកគ្រាចូលរួមកម្មវិធី Bvlgari នៅសៀមរាបយ៉ាងដូច្នេះថា

ព្រឹត្តិការណ៍ BVLGARI AETERNA បាន​រំលង​ផុត​ទៅ​១ខែ​ហើយ​ក៏​ដោយ តែ​នៅ​ដក់​ជាប់​ក្នុង​ការ​ចង់ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដដែល ព្រោះ​ជា​មុខមាត់ និង​កិត្តិនាម​ដ៏​អស្ចារ្យ​នៃ​ប្រទេស ដែល​អាច​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​កំពូល​ប្រេន​គ្រឿង​អលង្ការ​លំដាប់​ពិភពលោក​មួយ​នោះ។ BVLGARI ជា​យីហោ​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក ហើយ​មាន​ប្រជាប្រិយភាព​ទាក់ទាញ​អភិជន​ៗ​ជុំវិញ​ពិភពលោកឲ្យជាវ​របស់របរ​ខ្លួន​ដែរ។

តាមដានជាមួយយើង៖ Million Times

ក្នុង​ចំណោម​ភ្ញៀវ VIP នៃ​កម្មវិធី​ចូលរួម Gala Dinner របស់ BVLGARI គ្រួសារ​សេដ្ឋី​លំដាប់​កំពូល​នៃ​ស្រុកខ្មែរ គឺ​ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គិត ម៉េង និង​ភរិយា​ក៏​ត្រូវ​បាន​អញ្ជើញ​ផង​ដែរ។

ក្នុង​ឱកាស​ចូលរួម​កម្មវិធី​បង្ហាញ collection ថ្មី​នោះ សេដ្ឋីនី ម៉ៅ ចំណាន បាន​លើកឡើង​ថា “ពេល​បានចូលរួមក្នុងព្រឹត្តិការណ៍ BVLGARI AETERNA នៅប្រាសាទបាយ័នខ្មែរយើង គឺជាឱកាស​ដ៏​អស្ចារ្យ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​មោទនភាព​ដែល​ដក់​ជាប់​ក្នុង​បេះដូង​នាង​ខ្ញុំ​យ៉ាង​ជ្រាលជ្រៅ។ ខណៈពេលនាងខ្ញុំបានឈរស្ថិតនៅក្នុងចំណោមសិល្បករល្បីៗ បុគ្គលមានចក្ខុវិស័យច្នៃប្រឌិតខ្ពស់ និងបណ្ដាថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ធ្វើឱ្យអារម្មណ៍នាងខ្ញុំកាន់តែរំភើបហួសនឹងពណ៌នា ហើយនោះគឺជារាត្រីដែលមានន័យបំផុតចំពោះកម្ពុជាយើង។ កេរដំណែល សិល្បៈវប្បធម៌ និង​ប្រវត្តិសាស្ត្រយើង ត្រូវ​បាន​វេញ​បញ្ចូល​គ្នា​ទៅ​ជា​ការ​សាទរ​មួយ​ដែល​ជួយ​លើក​កម្ពស់​កិត្យានុភាព​ខ្មែរ​យើង​ឲ្យ​កាន់តែ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​ថែម​មួយ​កម្រិត​ទៀត“។

សេដ្ឋីនី​ដែល​មាន​ទាំង​សម្រស់ និង​ចំណេះដឹង​បាន​លើកឡើង​បន្ត​ទៀត​ថា ព្រឹត្តិការណ៍​នោះ​មិន​គ្រាន់តែ​ជា​រាត្រី​ដ៏​ប្រណីត​នោះ​ទេ ពោល​គឺ​ជា​រាត្រី​ដែល​បាន​បង្ហាញ​ពី​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ខឿន​វប្បធម៌ និងដួងព្រលឹងជាតិ​ខ្មែរ​ជា​អមតៈ។

ប្រធានសមាគមសិល្បករ​ខ្មែរ​​បាន​បន្ថែម​ជា​ចុងក្រោយ​ថា ការ​មើល​ឃើញ​ទឹក​ដី​ប្រវត្តិសាស្ត្រ និង​ប្រជាជន​ខ្មែរ​ត្រូវ​បាន​ទទួល​ស្គាល់ និង​សាទរ​បែបនេះ ជា​ក្ដី​សង្ឃឹម​ខ្ពស់​ចំពោះ​ភាព​វិជ្ជមាន ដែល​​នឹង​កើត​មានឡើង​ជា​បន្តបន្ទាប់​ទៀត​នា​ព្រឹត្តិការណ៍​ធំ​ៗ​ដូចនោះ​នា​ពេល​ក្រោយៗ។

សេដ្ឋីនី ម៉ៅ​ ចំណាន បាន​បង្ហាញ​ខ្លួន​តាំងពី​ពេល​​បង្ហាញ​ឈុត​គ្រឿងអលង្ការ Bvlgari នៅ​​សណ្ឋាគារ Sofitel ដែលមាន​តម្លៃ​សរុប​ ១៥០ លាន​ដុល្លារ ​ចំនួន ២១៤ គ្រឿង៕

អត្ថបទ​៖ មេរ៉ា, រូបភាព៖ Royal Group