មង្គលការកូនស្រីចៅហ្វាយក្រុងភ្នំពេញទើបរំលងបានប្រមាណ ២ ថ្ងៃប៉ុណ្ណោះ ដូចនេះហើយទើបវីដេអូ និងរូបភាពប្រណីតនៃកម្មវិធីត្រកូលអភិជនគូនេះនៅតែត្រូវបានបង្ហាញលើបណ្ដាញសង្គម។


រាប់ចាប់តាំងពីសម្រាល ផ្កាភ្ញី អំពូលគ្រីស្ដាល់ ព្រំ សុទ្ធសឹងតែស្អាតល្អឥតទាស់នាក្នុងកម្មវិធីកូនប្រុស និងកូនប្រសាស្រីសេដ្ឋី លីម ប៊ុណ្ណា ព្រមទាំងដន្លងលោក ឃួង ស្រេង ដែលមនុស្សម្នាស្គាល់ថាជាចៅហ្វាយក្រុងភ្នំពេញ។
ក្នុងកម្មវិធីមង្គលការកូនប្រសាស្រីសេដ្ឋី លីម ប៊ុណ្ណា ពិតជាប្រណីតគ្រប់កន្លែងរាប់បញ្ចូលទាំងការស្លៀកពាក់នៃភ្ញៀវកិត្តិយសដែលសុទ្ធសឹងតែជាអ្នកមានមុខមាត់ មន្ត្រីរាជការ និងភ្ញៀវបរទេសខាងកូនកំលោះ និងកូនក្រមុំ។


ដោយសារតែមង្គលការលំដាប់អភិជន ច្បាស់ណាស់ថាម្ចាស់កម្មវិធីធំគឺកូនក្រមុំ។ សម្អាងការក៏ត្រូវតែជាសម្អាងការធំ ល្បីប្រចាំប្រទេសដែរ ហើយឈុតនីមួយៗ គឺជាឈុតថ្មីបែបប្រពៃណីខ្មែរ ហើយទាំងគ្រួសារ និងសាច់ញាតិក៏ជ្រើសបែបហូលផាមួង អាវប៉ាក់ ហើយចូលមកដល់ល្ងាចថ្ងៃ ១៦ ខែមីនា ឆ្នាំ ២០២៥ វិញ កម្មវិធីទទួលទានអាហារពេលល្ងាច បែបសម័យវិញម្ដង។
ក្នុងនោះឈុតដន្លងស្រីៗទាំង២ ពោលគឺភរិយាសេដ្ឋី លីម ប៊ុណ្ណា លោកស្រី ថុង ធីតា និងភរិយាចៅហ្វាយក្រុងភ្នំពេញ ឃួង ស្រេង វិញលោកស្រី ជា ស៊ីណា បានជ្រើសរើសប្រេន Elie Saabតម្លៃជាង ១ ម៉ឺនដុល្លារ ដែលជាតម្លៃពេញ។
ដន្លងស្រីទាំង ២ បានជ្រើសរើសឈុត Bead Embroidered Baroque Dress ដែលមានតម្លៃពេញប្រមាណ ៧ ២៥០ ទៅ ១៤ ៥០០ ដុល្លារកាលពីពេលចេញដំបូងៗ។ ក្នុងនោះដែរបងស្រីរបស់កូនកំលោះក៏បានស្លៀកឈុត Bead Embroidered Baroque Dress ដូចគ្នា គ្រាន់តែខុសម៉ូដតែប៉ុណ្ណោះ ហើយមានតម្លៃរហូតទៅដល់ ១៨ ៧០០ ដុល្លារ។
ចំណែកបងប្អូនកូនក្រមុំទាំង ២ វិញ ក៏គ្រងរ៉ូបប្រេនដូចគ្នាដែរ ដោយប្អូនស្រីជ្រើសរើសប្រេន Abbas Harajli៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ FAST films&photography និង One Memory