អ្នកឧកញ៉ា តាំង វួចឡាយ ថៅកែក្រុមហ៊ុនកុំព្យូទ័រ PTC ក្លាយជាសមាជិកថ្មីសភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា បាន​ប្រកាស​នៅ​មុន​បន្តិច​ពី​សមាសភាព​ថ្មី​នៃ​សមាជិក​សភា​ពាណិជ្ជកម្ម​កម្ពុជា នោះ​គឺ​អ្នក​ឧកញ៉ា តាំង វួចឡាយ សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ភីធីស៊ី។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា តាំង វួចឡាយ គឺជា​ភរិយា​អ្នកឧកញ៉ា អ៊ឹង សែ ប្រធាន​ក្រុមហ៊ុន PTC ហើយ​គូ​ស្វាមី​ភរិយា​ដែល​មាន​គោរមងារ «អ្នក​ឧកញ៉ា» ទាំងទ្វេ​នេះ បាន​ពួត​ដៃ​គ្នា​កសាង​អាណាចក្រ​បច្ចេកវិទ្យា​ដ៏​ធំ​សម្បើម​ប្រចាំ​ប្រទេស។ ក្នុង​នោះ​ដែរ​សភាពាណិជ្ជកម្មកម្ពុជា បានប្រកាស​​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​អ្នក​ឧកញ៉ា តាំង វួចឡាយ ​ក្លាយ​ជា​សមាសភាព​ថ្មី​នៃ​ស្ថាប័ន​មួយ​នេះ។

សហស្ថាបនិកក្រុមហ៊ុន PTC រូប​នេះ​គឺ​ជា​ស្ត្រី​វ័យ​ក្មេង​ដ៏​កម្រ ដែល​មាន​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា ហើយ​អាចឈរជើងក្នុងពិភពជំនួញនៅ​កម្ពុជា​ជាង ២០ ឆ្នាំ​មក​នេះ។ អ្នកឧកញ៉ា តាំង វួចឡាយ បាន​ចូល​រួម​ក្នុង​វិស័យច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​នៅ​កម្ពុជា ខណៈ​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​ក្រុមហ៊ុន​ធំ​ៗ។


គួរ​បញ្ជាក់ថា អ្នក​ឧកញ៉ា តាំង វួចឡាយ និង​​​​អ្នកឧកញ៉ា អ៊ឹង សែ ត្រូវ​បាន​បានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាអ្នកឧកញ៉ា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ ២០២៣ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ សភា​ពាណិជ្ជកម្ម​កម្ពុជា និង Ung Se