សម្តេច ហ៊ុន សែន ចែកបទពិសោធន៍អប់រំកូនៗ ផ្តោតលើវិន័យ និងគុណធម៌ ក្លាយជាពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក

“ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែបគឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត”។ នេះជាសំណេរដ៏មានអត្ថន័យរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅលើបណ្តាញសង្គម នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

សំណេរដ៏ជ្រាលជ្រៅ អមដោយរូបថតប៉ុន្មានសន្លឹក សម្តេច ហ៊ុន សែន បានកត់សម្គាល់ថា បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង ៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ សម្តេចបានសរសេរយ៉ាងដូច្នេះថា «ទោះពួកកូនជាកូននាយករដ្ឋមន្ត្រី តែពួកកូនមិនមានម៉ូតូ ឬឡានជិះទេ ពួកកូនត្រូវដើរទៅរៀន ព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិ ដែលឆ្ងាយជាងគេបន្តិច»។

សម្តេចប្រធានព្រឹទ្ធសភា បានសរសេរបន្តថា ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡាន ឬម៉ូតូឲ្យកូនជិះ តែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុស ពួកកូនត្រូវជាប់វិន័យទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំង សម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គា និងសុខហ៊ា និងចាយលុយលើស 100France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែ ម៉ាណែត ពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅបារាំង ទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាសុីនកំដៅ ម៉ាសុីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។

បន្ថែមទៀតនោះ សម្តេច ហ៊ុន សែន សរសេរក្នុងន័យដើមថា ពុកម៉ែសូមអរគុណកូនៗ ដែលជាង២០ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។ ពិតមែនតែពេលនេះ ពួកកូនមានប្រពន្ធ មានប្តី និងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជា ថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។ ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែ តទៅទៀតពិសេសផ្តោតលើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អ ហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ