នាល្ងាចថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN Group បានអមដំណើរអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាចូលរួមក្នុង «ជំនួបផ្គូផ្គងធុរកិច្ច និងអាហារពេលល្ងាច» ជាមួយគណៈប្រតិភូធុរកិច្ចចិនចំនួន៥០ក្រុមហ៊ុន។
ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។


ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១៥ក្រុមហ៊ុន ក្នុងនោះក៏មានក្រុមហ៊ុន SAM SN Group របស់អ្នកឧកញ៉ា សំ សុខនឿន ក៏បានជួបផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិភូធុរកិច្ចចិនចំនួន ៥០ក្រុមហ៊ុនមកពីចម្រុះវិស័យ ដែលដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរងរដ្ឋបាលប្រជាជនក្រុងចឹងចូវ នៃខេត្តហ៊ឺណាន ប្រទេសចិន។
មានប្រសាសន៍នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូធុរជនចិន ដែលបានមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្ហាញឱ្យឃើញពីចំណងមិត្តភាព កម្ពុជា-ចិន ដ៏រឹងមាំស្អិតរមួតក្នុងនាមជាមិត្តដែកថែប។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិន Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជា គឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។
ក្នុងឱកាសនោះ លោកស្រី Li Fengzhi បានបង្ហាញអំពីគោលបំណងនៃការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូចិន ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកដៃគូវិនិយោគក្នុងវិស័យអាទិភាពរបស់ខ្លួនផងដែរ។
បន្ថែមលើនេះ លោកស្រីបានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប៕






អត្ថបទ៖ សាងតេជៈ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា