ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាសដល់ស្ត្រីឲ្យបានច្រើន ក្នុងការកាន់តួនាទីការងារ។



រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបន្ថែមថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បច្ចុប្បន្នចំនួនស្ត្រីបម្រើការងារ ឬកាន់តួនាទីជាថ្នាក់ដឹកនាំច្រើនជាងបណ្ដាក្រសួងស្ថាប័នផ្សេងក៏ដោយ ប៉ុន្តែចំនួននោះ នៅមិនទាន់មានការឆ្លើយតបទៅនឹងអ្វីដែលហៅថា សមភាពយេនឌ័រ។ ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះឲ្យក្រសួងមហាផ្ទៃ ត្រូវពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រីពេលបម្រើការងារ។ ដូចនេះគួរតែផ្ដល់អាទិភាពដល់ស្ត្រី ឲ្យបានកាន់មុខតំណែង ឬតួនាទីនោះ ព្រោះស្ថានភាពខ្លះ ស្ត្រីមានភាពទន់ភ្លន់ ឬមានភាពល្អច្រើនជាងបុរស ជាពិសេសនៅទីតាំងផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ។
លោកបានបន្តទៀត ជាក់ស្ដែងនៅក្នុងការងារថ្នាក់ក្រោមជាតិមួយចំនួន ដូចជាច្រកចេញចូលតែមួយជាដើម ស្ត្រីក៏អាចធ្វើការងារនេះបានដែរ ដែលបញ្ហានេះអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះឲ្យក្រសួង ជួយពិនិត្យតើអាចផ្ដល់តួនាទីដល់ស្ត្រីក្នុងការងារដឹកនាំអង្គភាពបាន ប៉ុន្តែមុនត្រូវផ្ដល់តួនាទីដល់ពួកគេយ៉ាងហោចណាស់ ក៏ត្រូវការបណ្ដុះបណ្ដាលឲ្យបានរយៈពេល ២ ឆ្នាំដែរ។

ជាចុងក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថាបច្ចុប្បន្ន បើទោះបីជាតម្លៃស្ត្រីត្រូវបានលើកកម្ពស់ និងផ្ដល់សិទ្ធិស្មើភាពដូចនឹងបុរស ប៉ុន្តែស្ត្រីក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ជាក់ស្ដែងដូចករណីការធ្វើចំណាកស្រុក ព្រោះតែស្ត្រីខ្មែរមួយចំនួនបានរងគ្រោះពីបញ្ហារំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្ម ឬផ្លូវភេទ ដូចនេះគ្រប់អង្គភាពក្រសួងមហាផ្ទៃ ដែលធ្វើការងារនឹងបញ្ហាចំណាកស្រុក និងអន្តោប្រវេសន៍ជាដើម ត្រូវពង្រឹងការអប់រំដល់ប្រជាពលរដ្ឋ ឲ្យទទួលបានព័ត៌មានកាន់តែច្រើន ពីហានិភ័យការធ្វើចំណាកស្រុក ជាពិសេសប្រទេសដែលជាគោលដៅពួកគេចង់ទៅធ្វើការ ឲ្យក្ដោបបានព័ត៌មានកាន់តែច្រើន។
លោក ស សុខា បានអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នៅថ្ងៃ៦ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Ministry of Interior Cambodia