កំពូលតារាសម្ដែងអាចែបង្ហើបមូលហេតុចំបងតែមួយគត់ ដែលឲ្យលោកជាប់ចិត្តជាមួយរថយន្ត Rolls-Royce

តារាសម្ដែងជួរមុខហុងកុង Chow Yun Fat ដែលប្រជាជនខ្មែរនិយមហៅរហស្សនាមលោកថា អាចែ បានបង្ហើបឲ្យដឹងថា លោកជាប់ចិត្តជាមួយរថយន្ត Rolls-Royce ខ្លាំងមែនទែន ហើយមិនមែនដោយសារតែប្រណីតភាព និងឋានៈជាស្ដេចរថយន្តប្រណីតឡើយ តែដោយសារកម្លាំងម៉ាស៊ីនដ៏ខ្លាំងរបស់វាមួយមុខគត់។

តាមដានជាមួយយើង៖ Million Times

ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Star កំពូលតារាសម្ដែងរូបនេះនិយាយថា «ខ្ញុំចង់យល់ឲ្យច្បាស់អំពីម៉ាស៊ីន V8 របស់រថយន្តប្រភេទនេះ ព្រោះថាឡានដែលបំពាក់ម៉ាស៊ីនធំបែបនេះ មិនងាយបើកបរស្រួលប៉ុន្មានឡើយ»។

តារាសម្ដែងចាស់វស្សារូបនេះបញ្ជាក់ទៀតថា លោកធ្លាប់បានទិញរថយន្ត Rolls-Royce មួយទឹក ដើម្បីយកមកជិះសាកល្បង និងបានបើកគម្របឡាន សិក្សាពីម៉ាស៊ីនរបស់វា ហើយលោកក៏បានចាប់អារម្មណ៍ និងស្រលាញ់រថយន្តប្រភេទនេះខ្លាំងណាស់។

គួរជម្រាបដែរថា លោក Chow Yun Fat គឺជាកំពូលតារាសម្ដែង មានលុយច្រើនហូរហៀររាប់រយលានដុល្លារ ហើយជីវិតពិតរបស់លោកគឺសាមញ្ញខ្លាំង មិនសំញែងភាពហ៊ឺហារឡើយ ប៉ុន្តែលោកក៏ជាមនុស្សម្នាក់ដែលស្រលាញ់រថយន្តប្រណីតៗ និងកម្លាំងម៉ាស៊ីនធំៗផងដែរ ដោយលោកបញ្ជាក់ថា បច្ចុប្បន្នលោកមានរថយន្តកម្លាំងម៉ាស៊ីនធំៗ ប្រហែល ៥ ទៅ ៦គ្រឿង៕

អត្ថបទ៖ Luffy រូបភាព៖ HardwareZone