ថៅកែហាងពូក សុខ ហេង ឲ្យកូនស្រីច្បង SG ទៅមើលការខុសត្រូវជំនួស ក្រោយឆេះឃ្លាំងអីវ៉ាន់

ក្រោយ​ជួប​ទុក្ខ​ធំ ដោយសារ​អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ខ្ទេច​អស់​ហើយ​នោះ សភាព​ផ្លូវ​ចិត្តផ្លូវកាយ​ថៅកែ​ហាង​ពូក សុខ ហេង មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​ឡើយ។ នៅ​ពេល​ម្ដាយ​មាន​ទុក្ខ​បែបនេះ កញ្ញា SG ដែល​ល្បី​ខ្លាំង​នៅ​បណ្ដាញ​សង្គម Tik Tok ពេញផ្ទៃប្រទេស បាន​ចូល​ខ្លួន​មក​ជួយ​រំលែក​ការងារ​លំបាក​ៗ​ក្នុង​គ្រួសារ ​ក្នុង​នាម​ជា​កូន​ស្រី​ច្បង។

តាមដានជាមួយយើង៖ Million Times

លោកស្រី សុខ ហេង ម្ចាស់​ក្រុមហ៊ុនJasmine សម្ភារៈ​បន្ទប់​គេង លក់​​គ្រឿង​សំណង់ គ្រឿង​សង្ហារិម និង​សម្ភារៈ​ផ្ទះបាយ​ទំនើប ហើយ​គេ​ស្គាល់​ជា​ពិសេស​ថា​លោកស្រី​លក់​ពូក​សុខភាព បានជួប​ហេតុការណ៍រន្ធត់​ ដែល​ឃ្លាំង​ស្ដុក​សម្ភារៈ​ត្រូវ​អគ្គភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​កាលពីល្ងាច​ថ្ងៃ ២៧ ខែ​កុម្ភៈ​កន្លង​ទៅ។

ភុំ សៀវហ្កិច ហៅ SG គឺជា​កូនស្រី​របស់​ថៅកែ សុខហេង ដែល​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ស្គាល់​ច្រើន​មែនទែន តាមរយៈវីដេអូរាំលេង​នៅ​មុខ​ភូមិគ្រឹះ​ បង្ហោះ​លើ Tik Tok រហូត​ល្បីដល់​អ្នក​​​នៅ​អឺរ៉ុប​ក៏​ភ្ញាក់ផ្អើល​នឹង​រូប​សម្រស់ សមត្ថភាព និង​ទ្រព្យធន​នៃ​ក្រុម​គ្រួសារ​នាងដែ​រ។

SG មិន​ត្រឹម​មាន​រូប​សម្រស់ តែ​ចំណេះដឹង​ក៏​មិន​ធម្មតា​ដែរ។ តាម​រយៈ​វីដេអូ បង្ហាញ​ថា SG ដ្បិត​តែ​មក​ត្រូវ​ទទួល​ការងារ​ជំនួស​ម្ដាយ​ភ្លាម​ៗ​ក៏​ពិត​មែន តែ​នាង​អាច​ធ្វើ​បាន ទោះ​មិន​ទាន់​ល្អ​ក៏​ពិត​មែន តែ​នៅ​ថ្ងៃ​ខាង​មុខ​នឹង​រលូន​ជាក់ជា​មិន​ខាន។

ថៅកែ​ស្រី​បាន​បញ្ជាក់​ថា កូនស្រី​ច្បង SG ពី​មុន​ក៏​ធ្លាប់​ជួយ​ការងារ​ខ្លះ​ដែរ តែ​ទទួល​បន្ទុក​ផ្នែក​ក្រដាស​ស្នាម​លុយ​កាក់ប្រាក់ខែ​បុគ្គលិក​ប៉ុណ្ណោះ។ តែ​ក្រោយ​ហេតុការណ៍​ឆេះ​ឃ្លាំង​អីវ៉ាន់​អស់ នាង​បាន​មក​ជួយ​ការងារ​ទាំងស្រុង​របស់​លោកស្រី ដែល​នោះ​ជា​សម្ពាធ​មួយ​សម្រាប់​ក្មេង​វ័យ​វ័យ ២០ ឆ្នាំ​ស្ដើង​ដូចSG។

គួរ​បញ្ជាក់ថា​ថៅកែ​ស្រី​ដែល​ល្បី​ចូលចិត្ត​ភាព​សាមញ្ញ​នៃ​ជីវិត​រូប​នេះ ជួប​គ្រោះ​អគ្គីភ័យ ​៣ ដង​មក​ហើយ​មាន​ទាំង​ឃ្លាំង២ដង ដោយ​លើក​ទី​១​នៅ​ទល់​មុខ​មន្ទីរពេទ្យ​រុស្ស៊ី កាលអំឡុង​ឆ្នាំ ២០១៩ និង​លើក​ទី​២ សប្ដាហ៍​មុន ស្ថិត​សង្កាត់​សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​ភូមិគ្រឹះ​ម្ដង​កាលពី​ឆ្នាំ ២០២៣៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Sok Heng និង Phom Seav Gech