ប្រធានរដ្ឋសភា៖ ស្ដ្រីនៅកម្ពុជាបានលើកកម្ពស់ដោយសម្ដេច ហ៊ុន សែន និងបន្ដការពារដោយសម្ដេច ហ៊ុន ម៉ាណែត

នៅ​ថ្ងៃ​៤ ខែ​មីនា ឆ្នាំ២០២៥ នេះ ប្រធាន​រដ្ឋសភា​នៃ​កម្ពុជា សម្ដេច ​ឃួន សុដារី បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ស្ត្រី មកពី ១៥ ស្ថាប័ន នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជាង ៣០០ នាក់ ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី នៅ​វិមាន​រដ្ឋសភា អបអរសាទរ​ទិវាអន្តរជាតិនារី​លើក​ទី ១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់​រូប»។

តាមដានជាមួយយើង៖ Million Times

សម្ដេច ឃួន សុដារី ​បាន​លើកឡើង​ពី​លទ្ធផល​ជាច្រើន​ដែល​រដ្ឋសភា និង​រាជរដ្ឋាភិបាល​សម្រេច​បាន នៅ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា។ ក្នុង​នោះប្រធានរដ្ឋសភា បាន​លើក​ឡើង​ថា​ការ​ទទួល​បាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​នោះ​ហើយ ទើប​ស្ត្រី​នៅ​កម្ពុជា​ទទួល​បាន​ការ​គោរព ការ​ផ្ដល់​ជូន​ឋានៈ​តួនាទី​នៅ​ក្នុង​សង្គម ដូច​ពេល​បច្ចុប្បន្ន​នេះ។

សម្ដេច​ប្រធាន​រដ្ឋសភា បាន​បន្ត​ទៀត​ថា តួនាទី និង​ឋានៈ​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​ផ្សារ​ភ្ជាប់​ជាមួយ​ស្ថានភាព​នយោបាយ​របស់​សង្គម​ជាតិ​នីមួយៗ។ សង្គមជាតិ​មាន​សន្តិភាព ស្ត្រី​មាន​សិទ្ធិ មាន​សេរីភាព និង​ទទួល​បាន​ឋានៈ​នៅ​ក្នុង​សង្គម។ បើ​សង្គម​ជាតិ​ជួប​សង្គ្រាម​គឺ​បាត់បង់​សិទ្ធិ​ទាំង​អស់ សូម្បី​សិទ្ធិ​ជាមូល​ដ្ឋាន​នៃ​ការ​រស់រាន​មាន​ជីវិត​ក៏​គ្មាន​ដែរ។

សម្ដេច​ក៏​បាន​គូស​បញ្ជាក់​ថា ចាប់តំាងពីថ្ងៃទី៧ ខែ​មករា ឆ្នាំ ១៩៧៩មក រហូត​ដល់​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ដូច​មាន​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង ៤ ដំណាក់កាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា កាល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី។

សម្ដេច ឃួន សុដារី គាំទ្រ​ទាំង​ស្រុង​ចំពោះ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ឥស្សរជន​បន្តវេន ជា​ថ្នាក់​ដឹកនាំ​វ័យ​ក្មេង ប្រកប​ដោយ​ថាមវន្ត វាងវៃ និង​មោះមុត បាន​ចេញ និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ កម្មវិធី និង​វិធានការ​នានា រួម​ទាំង​ការ​ពង្រឹង​កិច្ចសហការ និង​ភាព​ជា​ដៃគូ​រវាង​ក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​បង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​តាម​វិស័យ​អាទិភាព និង​នៅ​គ្រប់​កម្រិត៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ cpp