សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកការវិភាគបែបស៉ីអារម្មណ៍មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃអង្គារខែមីនានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនយកការវិភាគបែបស៉ីអារម្មណ៍ មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ ដោយសម្តេចបញ្ជាក់ថា ការបង្កើតគោលនយោបាយនីមួយៗ គឺសុទ្ធតែដកស្រង់មតិពីគ្រប់ភាគី ផ្អែកលើស្ថានភាពសង្គមជាក់ស្ដែង ហើយនៅពេលអនុវត្ត គឺមានការតាមដាន កែសម្រួល និងពង្រឹងបន្ថែម។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្សិលម្ងៃ សម្ដេចបានពិភាក្សាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីជួយដល់វិស័យអាកាសចរណ៍កម្ពុជា ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នានាចំណាយអស់តិចជាងមុន ហើយអាចដឹកអ្នកដំណើរពីក្រៅប្រទេសចូលមកប្រទេសកម្ពុជាបាន ដូចជាតាមរយៈជើងហោះហើរជួលជាដើម។ នេះគឺកើតចេញពីការជួបពិភាក្សាជាប្រចាំ ដើម្បីប្រមូលទិន្នន័យ វិភាគ ហើយដាក់ចេញយន្តការអនុវត្តដោះស្រាយ។

តាមដានជាមួយយើង៖ Million Times

សម្ដេចថ្លែងបន្តថា៖ «ការវិភាគមានច្រើន ដែលខ្ញុំតែងនិយាយថា មានវិភាគបែបវិទ្យាសាស្ត្រ និងវិភាគស៉ីអារម្មណ៍។ កុំយកការវិភាគបែបស៉ីអារម្មណ៍យកមកធ្វើជាមូលដ្ឋានដាក់ចេញជាគោលនយោបាយ។ ឯការប្រមូលទិន្ន័យក៏មិនមែនយកទិន្នន័យពី Google ទាំងស្រុងនោះឡើយ។ ប្រាកដណាស់ គឺយកតែទិន្នន័យផ្លូវការ ដើម្បីជាជំនួយស្មារតីក្នុងការធ្វើគោលនយោបាយ»។

ជាក់ស្ដែង ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលនឹងរង់ចាំមើលពីលទ្ធផល ដើម្បីយកទៅពិនិត្យមើល សំយោគមតិទូទៅរបស់អ្នកជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយរបស់យើង ថាតើដំណើរការដល់ណា? មានបញ្ហាអ្វី? លើវិស័យណាខ្លះ? ហើយយើងត្រូវកែសម្រួល ឬពង្រឹងយ៉ាងណាខ្លះទៀត?

សម្ដេចបន្តទៀតថា រាជរដ្ឋាភិបាលត្រូវការអ្នកដែលដឹងរឿងពីវិស័យនានាម្នាក់មួយជ្រុងៗ រួចយកមកផ្គុំគ្នា សំយោគចេញជាគោលនយោបាយរួម។ គ្មានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែល្អក្នុងកម្រិតមួយដែលយើងអាចដោះស្រាយបញ្ហាបាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលធ្វើការ មិនមែនធ្វើតែមនុស្សម្នាក់នៅតែក្នុងបន្ទប់នោះទេ។

សម្ដេចបានបញ្ជាក់ទៀតថា «គោលនយោបាយមួយ ទោះបីធ្វើរួចហើយ ដាក់ចេញឱ្យអនុវត្តហើយ តែវាក៏នៅតែប្រែប្រួលរហូតទៅតាមស្ថានភាពសេដ្ឋកិច្ច។ ពេលដែលយើងធ្វើគោលនយោបាយ អត់មានសង្គ្រាមពាណិជ្ជកម្មទេ តែក្នុងរយៈពេលមួយខែនេះហាក់ដូចជាមានសង្គ្រាមពាណិជ្ជកម្ម។ ម្យ៉ាងទៀត ការវិវត្តរបស់វិស័យបញ្ហាសិប្បនិមិត្ត (AI) គឺចូលមកលឿនជាងការព្យាករណ៍របស់យើង។ ដូច្នេះហើយទើបយើងត្រូវតាមដានជាប្រចាំ ដូចបានរៀបរាប់ខាងលើ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី