នៅពាក់កណ្ដាលខែមីនា ឆ្នាំ ២០២៥ ខាងមុខ សមាគមថ្មអារកម្ពុជា នឹងនាំយកទង់ជាតិ ព្រមទាំងបង្ហាញពីសក្ដានុពលថ្មអារកម្ពុជា នៅក្នុងពិព័រណ៍ THE 25TH CHINA XIAMEN INTERNATIONAL STONE FAIR នាប្រទេសចិន។


លោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត បានឲ្យដឹងថា សមាគមថ្មអារកម្ពុជា ដែលតំណាងឲ្យប្រទេស ព្រមទាំងនាំយកទង់ជាតិខ្មែរ និងសក្ដានុពលថ្មអារកម្ពុជា ទៅបង្ហាញឲ្យពិភពលោកបានស្គាល់ក្នុងពិព័រណ៍ THE 25TH CHINA XIAMEN INTERNATIONAL STONE FAIR លើកទី២៥ ដែលជាពិព័រណ៍បង្ហាញពីសក្ដានុពលថ្មអារមកពីជុំវិញពិភពលោក។
THE 25TH CHINA XIAMEN INTERNATIONAL STONE FAIR គឺជាពិព័រណ៍តាំងបង្ហាញថ្មក្រានីត ថ្មម៉ាប និងថ្មមានតម្លៃជាច្រើនប្រភេទ ពីក្រុមហ៊ុនបច្ចេកទេសកែច្នៃថ្ម និងក្រុមហ៊ុនថ្មទូទាំងពិភពលោក។

ពិព័រណ៍នេះនឹងប្រព្រឹត្តិទៅនៅក្នុងខេត្តហ្វូចៀន (Fujian) ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមីនា ២០២៥ ដែលអាចមានអ្នកចូលរួមប្រមាណជាង ២០០០ នាក់ មកពី ១២០ ប្រទេសលើពិភពលោកមកដាក់បង្ហាញប្រភេទថ្មមានតម្លៃផ្សេងៗគ្នា។
លោកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា តែងតែបង្ហាញវត្តមានចូលរួមព្រឹត្តិការណ៍ធំៗទាំងកម្រិតជាតិ តំបន់ និងពិភពលោកច្រើនហូរហែរួចមកហើយ ដើម្បីជំរុញការវិនិយោគ និងផ្សព្វផ្សាយសក្ដានុពលវិស័យថ្មអារកម្ពុជាឲ្យសកលលោកបានស្គាល់។


ក្នុងនោះលោកស្រី ឡេង ដាវី ធ្លាប់បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២៣ នៅរដ្ឋធានីហាណូយប្រទេសវៀតណាម, ចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ «The 21th China-ASEAN Expo» ទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន និងព្រឹត្តិការណ៍តាំងបង្ហាញថ្មម៉ាប Marmomac នៅ Verona Stone Fiere នៅអ៊ីតាលីជាដើម។
ប្រទេសកម្ពុជា ជាទីតាំងអំណោយផលក្នុងការនាំចូលថ្មក្រានីត និងម៉ាបគ្រប់ប្រភេទ ដោយសារសក្ដានុពលវិស័យសំណង់ ព្រមទាំងគិតគូរដល់ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ដែលនឹងមានតម្រូវការច្រើន នាពេលខាងមុខ៕

អត្ថបទ៖ មេរ៉ា៖ រូបភាព FB Davy Leng