ជារឿងដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ពេលដែលលោក អ៊ឹង ស៊ីវឈន់ CEO រូបសង្ហាក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ត្រូវជាកូនប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បានធ្វើ Proposal សុំគូស្នេហ៍រៀបការ ហើយមិត្តស្រីលោកគឺជាបុត្រីក្នុងសែរាជវង្សម្នាក់។


អគ្គនាយកប្រតិបត្តិទឹកស្រ្ពីងប្រូវីដា បានលុតជង្គង់សុំបុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា រៀបការយ៉ាងរ៉ូមែនទិក ហើយក៏មានការចូលរួមពីសាច់សាលោហិតរាជវង្ស និងបងប្អូនមិត្តភ័ក្ដិខាងលោកជាច្រើន បង្កបរិយាកាសកាន់តែស្រស់បំព្រងមួយកម្រិតទៀត។
សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ក៏បានយាងទៅចូលរួម surprises បុត្រី ហើយសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ និងភរិយាក៏សុទ្ធតែបានបង្ហាញវត្តមាន ក្នុងទឹកមុខសប្បាយរីករាយក្រៃលែង។ ចំណែកសាមីខ្លួនទាំងពីរ គឺ អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ពិតជារំភើបរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

សម្រាប់កន្លែងប្រារព្ធកម្មវិធីវិញ ពិតជារៀបចំតុបតែងបានស្រស់ស្អាត ប្រណិត ស័ក្ដិសមខ្លាំងដល់គ្រួសាររាជវង្ស និងគ្រួសារសេដ្ឋី។ បើទោះជាព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា មិនបានត្រៀមខ្លួនអ្វីច្រើនក៏ពិតមែន តែទ្រង់នៅតែស្រស់ស្អាត ឫកពាថ្លៃថ្នូរដដែល វង់ភក្ត្រ ស្រទន់មានមន្តស្នេហ៍ សមជាសែរាជវង្ស។
ម្ចាស់ទឹកស្រ្ពីងប្រូវីដា និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា នឹងរៀបមង្គលការក្នុងឆ្នាំនេះដែរ ក្រោយទាក់ទងមើលចិត្តមើលថ្លើមគ្នាជាយូរខែឆ្នាំមកហើយនោះ៕






អត្ថបទ៖មេរ៉ា, រូបភាព៖ Seav Chhuon Ing និង FAST films&photography