មកស្គាល់ត្រកូលគ្រួសារមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំទ្វីបអាស៊ី

សារព័ត៌មាន Bloomberg បានស្រាវជ្រាវ និងសម្រិតសម្រាំងបាននូវបញ្ជីឈ្មោះត្រកូលមនុស្សកំពូលលុយចំនួន ៥គ្រួសារ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុត ប្រចាំទ្វីបអាស៊ីនៅដើមឆ្នាំ២០២៥នេះ។

គេហទំព័រនិយាយពីសហគ្រិនជោគជ័យបញ្ជាក់ថា ត្រកូលគ្រួសារមហាសេដ្ឋីទាំង៥នោះ មានជនជាតិឥណ្ឌាចំនួន ២គ្រួសារ ថៃមួយគ្រួសារ ឥណ្ឌូណេស៊ីមួយគ្រួសារ និងហុងកុងមួយគ្រួសារ ហើយសរុបទ្រព្យសម្បត្តិពួកគេរួមបញ្ចូលគ្នា មានទំហំដល់ទៅ ២៤៨ពាន់លានដុល្លារ។

តទៅនេះ គឺជាបញ្ជីឈ្មោះគ្រួសារមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងទ្វីបអាស៊ី រៀបរៀងដោយគេហទំព័រ Bloomberg៖

1/ គ្រួសារត្រកូល Ambani នៃប្រទេសឥណ្ឌា

តាមដានជាមួយយើង៖ Million Times

ត្រកូល Ambani គឺជាម្ចាស់ក្រុមហ៊ុនខ្នាតយក្សធំបំផុតប្រចាំប្រទេសឥណ្ឌា Reliance Industries និងជាគ្រួសារមានទ្រព្យស្ដុកស្ដម្ភបំផុតនៅក្នុងទ្វីបអាស៊ី ដោយមានទ្រព្យសម្បត្តិ ៩០,៥ពាន់លានដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុនមួយនេះកំពុងស្ថិតក្រោមការគ្រប់គ្រងពីមហាសេដ្ឋី Mukesh Ambani ហើយលោក និងក្រុមគ្រួសារកំពុងរស់នៅក្នុងអគារកំពស់ ២៧ជាន់ ដែលត្រូវបានចាត់ទុកថា ជាផ្ទះមានតម្លៃថ្លៃបំផុតមួយលើពិភពលោក។

2/ គ្រួសារត្រកូល Chearavanont នៃប្រទេសថៃ

ត្រកូល Chearavanont គឺជាគ្រួសារមានបំផុតនៅប្រទេសថៃ និងជាប់នៅលំដាប់ទី២ ជាគ្រួសារមានទ្រព្យសម្បត្តិច្រើនដាច់គេក្នុងទ្វីបអាស៊ី ជាមួយទំហំទឹកប្រាក់ ៤២,៦ពាន់លានដុល្លារ។

គ្រួសារមួយនេះ គឺជាម្ចាស់អាជីវកម្មដែលមានឈ្មោះថា Caroen Pokphand Group ជាស្ដេចត្រាញ់រកស៊ីលើវិស័យចំណីអាហារ ការលក់រាយ និងវិស័យទូរគមនាគមន៍។

3/ គ្រួសារត្រកូល Hartono នៃប្រទេសឥណ្ឌូណេស៊ី

គ្រួសារម្ចាស់អាជីវកម្មផលិតបារី Djarum និងធនាគារ Bank Central Asia ជាប់នៅចំណាត់ថ្នាក់ទី៣ និងជាត្រកូលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសឥណ្ឌូណេស៊ី ដោយមានទ្រព្យសម្បត្តិ ៤២,២ពាន់លានដុល្លារ។

4/ គ្រួសារត្រកូល Mistry នៃប្រទេសឥណ្ឌា

គ្រួសារឥណ្ឌាទី២ក្នុងបញ្ជីមួយនេះ គឺជាវង្សត្រកូលមហាសេដ្ឋី ៥ជំនាន់មកហើយ ដោយមានទ្រព្យសម្បត្តិ ៣៧,៥ពាន់លានដុល្លារ។

ត្រកូល Mistry គឺជាម្ចាស់ក្រុមហ៊ុន Shapoorji Pallonji Group ដែលរកស៊ីលើពហុវិស័យ ប៉ុន្តែភាគច្រើនជំនាញក្នុងវិស័យវិស្វកម្ម និងសំណង់។

5/ គ្រួសារត្រកូល Kwok នៃទីក្រុងហុងកុង

គ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតទី៥ ប្រចាំទ្វីបអាស៊ី បានទៅលើត្រកូល Kwok នៃតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដោយមានទ្រព្យសម្បត្តិសរុប ៣៥,៦ពាន់លានដុល្លារ និងរកស៊ីលើវិស័យអចលនទ្រព្យ ដោយមានក្រុមហ៊ុនឈ្មោះថា Sun Hung Kai Properties ៕

អត្ថបទ៖ Luffy រូបភាព៖ Tatler/ CP/ BusinessInsider