លោក ឆេង សុភ័ក្ត្រ ដែលអ្នកលេងបណ្ដាញសង្គមស្គាល់ឈ្មោះថា រៀនថត និងជាអ្នកផលិតមាតិកា ដែលផ្ដល់ចំណេះដឹងដល់អ្នកមើល ហើយក៏តែងតែធ្វើវីដេអូបង្រៀនចែករំលែកចំណេះដឹងល្អៗដល់មហាជន។


ជាក់ស្ដែងថ្ងៃនេះមានវីដេអូរបស់អ្នកផលិតមាតិកាស្រីម្នាក់ បង្ហោះឡើង ហើយប៉ះពាល់ដល់សិទ្ធិកុមារីលក់សណ្ដែកដីម្នាក់។ ឃើញពីការផលិតគ្មានក្របសីលធម៌នេះហើយ លោក ឆេង សុភ័ក្រ្ត ក៏បានបង្ហោះសារដ៏វែង ដើម្បីឲ្យអ្នកផលិតមាតិកាដទៃយល់ដឹងពីការប្រើប្រាស់ឈ្មោះជាអ្នកផលិតមាតិកា បានត្រឹមត្រូវ ចៀសវាងបង្ករបួសស្នាមផ្លូវចិត្តដល់អ្នកដទៃ ដោយសារតែវីដេអូខ្លួន។
ការផលិតមាតិកាត្រូវគោរពសិទ្ធិអ្នកដទៃផងដែរ មិនមែនចេះតែធ្វើអាងមានកាមេរ៉ា ឬទូរស័ព្ទថ្លៃ អាចធ្វើអ្វីតាមចិត្តនោះទេ។ លោក សុភ័ក្រ្ត បានបង្ហោះថា “មានទូរស័ព្ទថត មានកាមេរ៉ាថ្លៃ មានមេក្រូកម្រិតខ្ពស់ ហើយមានអ្នកតាមដានច្រើន មិនប្រាកដថាអ្នកមានសិទ្ធិថតវីដេអូតាមចិត្តទេ។ ថតជាសិទ្ធិអ្នក តែសីលធម៌ និងសុជីវធម៌ គួរភ្ជាប់មកជាមួយ។ ការផលិតមាតិកា មិនមែនតូចទេ គឺជាទំនួលខុសត្រូវមួយដែលអ្នកគួរឲ្យអាទិភាពមុនគេ។ កាន់តែមានអ្នកមើលច្រើន អ្នកគួរតែគិតគូរឲ្យបានល្អ“។


ម្ចាស់ផេក រៀនថត ដ៏ល្បីក៏បានបញ្ជាក់ថា ខ្លួនលោកក៏ធ្លាប់ធ្វើខុសដែរ តែព្យាយាមរៀនរាល់ថ្ងៃ និងស្ដាប់អ្នកជុំវិញខ្លួន ជាពិសេសភរិយាលោកចាំមើលការខុសត្រូវ និងកែតម្រូវ។
ជាចុងក្រោយលោកសូមអ្នកធ្វើខុសបកក្រោយ បើដើរហួសហើយ សូមឲ្យគិតគូរមុនបោះជំហាន មើលលើ មើលក្រោម មើលឆ្វេងមើលស្ដាំ ហើយផ្ដាំថា ឲ្យអ្នកផលិតមាតិកា សូមធ្វើជាបុគ្គលមានឥទ្ធិពលដែលមានទំនួលខុសត្រូវ។
ឆេង សុភ័ក្រ្ត ដែលជាវាគ្មិនគុណភាពមិនត្រឹមមានស្នាដៃក្នុងស្រុកឡើយ កេរ្តិ៍ឈ្មោះលោកក៏ល្បីរន្ទឺនៅក្រៅប្រទេសផងដែរ។ លោកតែងតែធ្វើវីដេអូចែករំលែកប្រធានបទ ការកើនឡើងមាតិកាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ បុរសវ័យជាង៣០ ឆ្នាំរូបនេះតែងជួយការងារសង្គមជាតិជាច្រើនកន្លងមក ហើយក៏ជា Idol នៃអ្នករៀនបច្ចេកវិទ្យាដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ រៀនថត Rean Thort