ប្រភពរដ្ឋាភិបាលអ៊ុយក្រែនបានប្រាប់ Sky News ថាអ៊ុយក្រែនបានយល់ព្រមលក្ខខណ្ឌជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីអាមេរិកនៅឡើយទេ។
ទន្ទឹមនឹងនេះ លោក Volodymyr Zelenskyy នឹងជួបជាមួយលោក Donald Trump នៅវ៉ាស៊ីនតោននាថ្ងៃសុក្រខាងមុខនេះ ហើយថាកិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយភាគីអាមេរិក។


លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា សមភាគីអ៊ុយក្រែន “ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយខ្ញុំ” ។ ទោះជាយ៉ាងណា លោក Trump ចាត់ទុកប្រតិបត្តិការរ៉ែជាមួយអ៊ុយក្រែនថា ជាមធ្យោបាយដ៏ត្រឹមត្រូវមួយដើម្បីប្រមូលមកវិញនូវទឹកប្រាក់រាប់ពាន់លានដុល្លារដែលអាមេរិកបានផ្តល់ឲ្យដល់ទីក្រុង Kyiv តាមរយៈអាវុធ និងជំនួយហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
ប្រធានាធិបតីអាមេរិកបាននិយាយថា សមភាគីអ៊ុយក្រែនរបស់លោកនឹង មកបំពេញទស្សនកិច្ចនៅថ្ងៃសុក្រ។ លោកបន្ថែមថា៖ «យើងបានចរចាច្រើនលើកិច្ចព្រមព្រៀងរបស់យើងលើរ៉ែកម្រ»។
កិច្ចព្រមព្រៀងនេះកំណត់លក្ខខណ្ឌដើម្បីបង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគលើរ៉ែរបស់អ៊ុយក្រែន វត្ថុធាតុកម្រ និងធនធានធម្មជាតិដ៏មានតម្លៃផ្សេងទៀត។

លោក Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអ៊ុយក្រែន ដែលបានដឹកនាំការចរចា បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ការអភិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីលោក Trump បានធ្វើឱ្យមេដឹកនាំអឺរ៉ុបភ្ញាក់ផ្អើលកាលពីសប្តាហ៍មុនដោយហៅលោក Zelenskyy ថាជា “ជនផ្តាច់ការ” និងឲ្យទីក្រុងកៀវ សងបំណុលចំពោះជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនជួយអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះ។
ជាការឆ្លើយតប មេដឹកនាំអ៊ុយក្រែននិយាយថា លោក Trump និយាយបំផ្លើសពេកហើយដែលថា អ៊ុយក្រែនជំពាក់លុយអាមេរិក ៣៥០ពាន់លានដុល្លារ។ អ៊ុយក្រែន ទទួលបានជំនួយតែ ១០០ពាន់លានទេ មិនមែន៣៥០ពាន់លាន ៥០០ពាន់លានឬ៧០០ពាន់លានដែរ ហើយសូម្បីលុយ១០០ពាន់លាន ក៏អ៊ុយក្រែន នឹងមិនទទួលស្គាល់ថាជាបំណុលដែរ។
លោកសង្កត់ធ្ងន់ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយអតីតប្រធានាធិបតីអាមេរិក Joe Biden ថាប្រាក់ទាំងនេះគឺជាជំនួយឥតសំណង ដូច្នេះមិនចាំបាច់សងទេ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters