Trump ត្រៀមលក់សិទ្ធរស់នៅ Gold Card តម្លៃ ៥លានដុល្លារ សម្រាប់ក្រុមអភិជនបរទេស

កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ប្រធានាធិបតី Donald Trump បានប្រកាសថា លោកមានគម្រោងលក់សិទ្ធរស់នៅ Gold Card តម្លៃ ៥លានដុល្លារ សម្រាប់ធុរកិច្ចជនបរទេសគ្រាក់ៗ ដែលមានបំណងមករស់នៅ និងចង់បានសញ្ជាតិអាមេរិក។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា សិទ្ធរស់នៅ Gold Card នេះ គឺមានលក្ខណៈស្រដៀងគ្នានឹងសិទ្ធរស់នៅ Green Card ធម្មតា ប៉ុន្តែទទួលបានអត្ថប្រយោជន៍ច្រើនជាង និងបង្កើតឡើងដើម្បីជំនួសឲ្យទិដ្ឋាការប្រភេទ EB-5 ដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ១៩៩០។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Howard Lutnick បានមានប្រសាសន៍ថា សិទ្ធរស់នៅ Gold Card នឹងត្រូវលេចចេញជារូបរាង ដើម្បីជំនួសឲ្យទិដ្ឋាការ EB-5 ក្នុងរយៈពេល ២សប្ដាហ៍ ដែលវាត្រូវបានបង្កើតឡើងសម្រាប់ក្រុមមនុស្ស ដែលចំណាយប្រាក់ចាប់ពី ១លានដុល្លារ រកស៊ីនៅអាមេរិក ដោយមានបុគ្គលិកយ៉ាងតិច ១០នាក់។

លោក Lutnick បានបញ្ជាក់ទៀតថា សិទ្ធរស់នៅ Gold Card នឹងអនុញ្ញាតឲ្យជនបរទេស មានសិទ្ធក្នុងការវិនិយោគច្រើនជាង និងជៀសឆ្ងាយពីការឆបោក ហើយដូចគ្នានឹងសិទ្ធរស់នៅ Green Card ដែរ ដោយជនបរទេសទាំងនោះទទួលបានលទ្ធភាព ក្នុងការដាក់ពាក្យសុំសញ្ជាតិអាមេរិកដូចគ្នា។

ចំណុចពិសេសមួយទៀត ដែលសិទ្ធរស់នៅ Gold Card មានប្រៀបជាងសិទ្ធរស់នៅ Green Card គឺ រាល់ការដាក់ពាក្យសុំសញ្ជាតិអាមេរិក ត្រូវឆ្លងកាត់ការកំណត់ពីគុណវុឌ្ឍិដោយសភា ក៏ប៉ុន្តែសិទ្ធរស់នៅ Gold Card របស់លោក Trump មិនតម្រូវឲ្យមានការអនុម័តពីសភាឡើយ។

គួរជម្រាបដែរថា ប្រធានាធិបតីអាមេរិក Donald Trump ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាលសហព័ន្ធនឹងអាចលក់សិទ្ធរស់នៅ Gold Card រហូតដល់ ១០លាន ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ៕

អត្ថបទ៖ Luffy រូបភាព៖ Shanghai Daily/ CNBC