សម្តេច ម៉ែន សំអន កោតសសើរប្តីប្រពន្ធម្ចាស់ហាងគ្រឿងអលង្ការ ធីអែនអិល ខិតខំពង្រឹងអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនចូលក្នុងវិស័យជំនួញ

លោកស្រី​ លាង ធារ៉ា និងឧកញ៉ា ឌី ជោត បានវិវត្តន៍ខ្លួនមកជាអ្នកលក់អនឡាញដ៏ល្បីល្បាញនៅកម្ពុជា ហើយកំពុងក្លាយជាម្ចាស់អាជីវកម្មធំៗជាច្រើនក្នុងដៃ។ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានកោតសរសើរប្តីប្រពន្ធមួយគូរដែលបានតស៊ូខិតខំប្រឹងកសាងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនចូលក្នុងវិស័យជំនួញរហូតទទួលបានជោគជ័យ។

តាមដានជាមួយយើង៖ Million Times

ថ្លែងក្នុងពិធីបើកសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY របស់លោកស្រី លាង ធារ៉ា ស្ថិតនៅបុរីប៉េងហួតបឹងស្នោ នាព្រឹកថ្ងៃអង្គារនេះ សម្តេច ម៉ែន សំអន បានថ្លែងកោតសសើរចំពោះ លោកស្រី លាង ធារ៉ា និងឧកញ៉ា ឌី ជោត ដែលបានខិតខំពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនចូលក្នុងវិស័យជំនួញ និងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គម និងការងារមនុស្សធម៌ផងដែរ។

សម្តេចបានគូសបញ្ជាក់ថា តាមរយៈសកម្មភាពរបស់ម្ចាស់ហាងគ្រឿងអលង្ការ ធីអែនអិល ដែលជាអ្នកបម្រើក្នុងវិស័យឯកជន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រី លាង ធារ៉ា ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd ជាស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាត ឆ្លាត ហើយពូកែ និងអ្នកមានគាំទ្រច្រើនលើជំនួញរបស់លោកស្រី តាមរយៈបណ្ដាញសង្គម។

ជាការកត់សម្គាល់ថា លោកស្រីបានអភិវឌ្ឍន៍ខ្លួនពីស្រ្តីមេផ្ទះម្នាក់ មកជាពីអ្នកលក់អនឡាញធម្មតា ក្លាយជាម្ចាស់អាជីវកម្មធំៗដូចជា៖ ហាងលក់កាបូប និងសម្លៀកបំពាក់នារី, ផលិតផលថែរក្សាសម្ផស្ស, មជ្ឍមណ្ឌលថែរក្សាសម្រស់ជាដើម៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេច ម៉ែន សំអន