កូនស្រីពៅសេដ្ឋី ឡូវ ហ៊ឹង បង្កក់កូនសាមញ្ញៗ តែកាដូកួចដៃសុទ្ធតែគ្រឿងមាសពេជ្រ

ថៅកែ skincare Luxury វ័យ​ក្មេង​អ្នកនាង ឡូវ ស្រីពៅ ដែល​គេ​ស្គាល់​ថា​ជា​កូន​ស្រី​សេដ្ឋី ឡូវ ហ៊ឹង បាន​រៀបចំ​កម្មវិធី​ចេញ​ខែ​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់ ពៅ មុន្នីពេជ្រ ហៅ Arren អាយុ ​១ខែ។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​របស់​ត្រកូល​សេដ្ឋី​រូប​នេះ ធ្វើ​ឡើង​លក្ខណៈ​គ្រួសារ និង​មិត្ត​ជិតស្និទ្ធ​ប៉ុណ្ណោះ។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​គឺ សេដ្ឋី ឡូវ ហ៊ឹង និង​ភរិយា ព្រម​ទាំង​ក្រុម​គ្រួសារ មាន​កាដូ​កួច​ដៃ​​ទាំង​គ្រឿង​មាស និងគ្រឿងពេជ្រ​ ដ៏មាន​តម្លៃ​ជាច្រើន​ក្នុង​ប្រអប់​ធំ។

ម្ចាស់​ប្រេន Luxury ដ្បិត​តែ​មាន​វ័យ​ក្មេង​ក៏​ពិត​មែន តែ​ជំនួញ​ទទួល​បាន​ជោគជ័យ​សម្បើម ព្រោះ​ជា​កូន​ស្រី​ពាណិជ្ជករ​ជើង​ចាស់​ស្រាប់ និង​ធ្លាប់​បាន​ជួយ​កិច្ចការ​ងារ​រកស៊ី​របស់​ឪពុក​ខ្លួន​គឺ​សេដ្ឋី ឡូវ ហ៊ឹង ដែលជា​ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ទោះ​ជា​កម្មវិធី​ចេញ​ខែ​កូន​ស្រី​អ្នកនាង ឡូវ ស្រីពៅ មិន​សូវ​អញ្ជើញ​ភ្ញៀវ​ច្រើន ប៉ុន្តែ​ការ​រៀបចំ​តុបតែង ធ្វើ​ឡើង​យ៉ាង​ប្រណិត ទាំង​ឆាក ទាំង​រោង សុទ្ធតែ​ផ្កា​ស្រស់​ទាំងអស់ ពិសេស​ម្ហូបអាហារ។ មិន​តែ​ប៉ុណ្ណោះ​កូន​ស្រី​ពៅ​របស់​ សេដ្ឋី ឡូវ ហ៊ឹង បាន​ពាក់​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត ដែល​សុទ្ធសឹង​ជា​ប្រេន​ល្បី​លំដាប់​ពិភពលោក Bvlgari។

អ្នកនាង ឡូវ ស្រីពៅ ​ទើប​សម្រាក​កូន​បាន ១ ខែ​ក៏​ពិត​មែន ប៉ុន្តែ​រូប​សម្រស់​មិន​បាន​ថមថយ​ឡើយ។ ក្នុង​ថ្ងៃ​បង្កក់​កូន​ថៅកែ​ប្រេន Luxury បាន​ជ្រើសរើស​ឈុត​ពណ៌​ផ្កាឈូក​នៃ​ប្រេន cherz brand ដ៏​សែន​ស្រគត់ស្រគំ​ថ្លៃថ្នូរ​ខ្លាំង ស័ក្ដិសម​ជា​ត្រកូល​អ្នក​អភិជន សម្រាប់​កម្មវិធីពេលព្រឹក៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia និង Anaza Wedding Cambodia