ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងពីបញ្ហាមានអ្នករិះគន់សម្ដេច ការចំណាយប្រាក់លើការ Boost ពេលបង្ហោះអ្វីមួយ។ នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថាក្រុមអ្នកនយោបាយ និងអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនបានលើកយកការ Boost ផេកហ្វេសសម្ដេច មកធ្វើជាប្រធានបទ ដើម្បីរិះគន់ វាយប្រហារជាបន្តបន្ទាប់ ដែលបង្កឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។


សម្ដេច ហ៊ុន ម៉ាណែត បានបន្តទៀតថា ការ Boost នេះមិនមែនមានតែសម្ដេចម្នាក់ឡើយចំណាយថវិកាធ្វើរឿងនេះ មេដឹកនាំធំៗជុំវិញពិភពលោកក៏ Boost ការបង្ហោះពីសកម្មភាពនានាដែរ។ មិនតែប៉ុណ្ណោះអ្នកមានមុខជំនួញជាច្រើន ដើម្បីឲ្យអតិថិជនស្គាល់ពីផលិតផលរបស់ខ្លួន ក៏ត្រូវចំណាយថវិកាលើរឿង Boost នេះដូចគ្នា ដើម្បីធ្វើឲ្យផលិតផលទាំងនោះ ដល់អ្នកប្រើប្រាស់បានឃើញ។
ក្នុងនោះដែរនាយករដ្ឋមន្ត្រី បានបកស្រាយពីបញ្ហាបច្ចេកទេស និងគោលការណ៍របស់ក្រុមហ៊ុន Meta ដូចគ្នាថាបើចង់បានឲ្យមានអ្នកឃើញច្រើន ត្រូវបង់ថវិកាដល់គេ ជារឿងធម្មតាទៅហើយក្នុងមុខជំនួញ។

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឲ្យអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអ្នកជំនួញដ៏ល្បី គាំទ្រ និងបើកបង្ហាញពីទិន្នន័យជាច្រើន ដែលចំណាយលើ Boost សម្រាប់ការបង្ហោះរយៈពេល ៦ ឆ្នាំ។ ម្ចាស់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បើកបង្ហាញដោយមិនលាក់លៀមថា អ្នកឧកញ៉ាបានចំណាយអស់ជាង ៥០ ម៉ឺនដុល្លារ ដើម្បី Boost រយៈពេល ៦ ឆ្នាំ។
អ្នកឧកញ៉ាបណ្ឌិត បានបង្ហោះថា «ជម្រាបសម្ដេចខ្ញុំក៏ចាយលុយអស់ $370,000 រយៈពេល 3 ឆ្នាំ និង $520,000 រយៈពេល 6 ឆ្នាំ ដើម្បី Boost ដែរ។ អ្នកជំនួញ និងអ្នកនយោបាយដែលមានប្រជាប្រិយភាពភាគច្រើនគឺបានពីBoost»។
ថ្មីៗនេះដែរបណ្ឌិត សំ សុខនឿន ថ្លែងអំណរគុណជាអនេកប្បការ ចំពោះសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់កិត្តិយសប្រគល់សញ្ញាប័ត្រដោយផ្ទាល់ជូនរូបលោក៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ Dr Sam Soknoeun និង Samdech Thipadei Hun Manet, Prime Minister of Cambodia