សម្រាប់អ្នកតាមដានបណ្ដាញសង្គមមហាសេដ្ឋីស្រុកខ្មែរ គិត ម៉េង ប្រាកដជាដឹងហើយថា មិនត្រឹមតែពូកែក្នុងមុខជំនួញប៉ុណ្ណោះ តែប្រធានក្រុមហ៊ុនរ៉ូយាល់គ្រុបរូបនេះ ក៏ជាបុរសសម្ដីផ្អែម និងពូកែយកចិត្តភរិយាគឺសេដ្ឋីនី ម៉ៅ ចំណាន ដូចជាផងដែរ។


ជារឿយៗមិនថាក្នុងឱកាសពិសេសដូចជាទិវានៃក្ដីស្រលាញ់, សិទ្ធិនារី, ទិវាមាតា, ខួបកំណើត,ខួបអាពាហ៍ពិពាហ៍ ថ្ងៃបុណ្យជាតិ ឬអន្តរជាតិផ្សេងៗ ហើយសូម្បីថ្ងៃកំណើតកូនៗទាំង ៤ និងថ្ងៃធម្មតា ក៏អ្នកជំនួញដ៏ល្បាញល្បីរូបនេះ មានពាក្យពេចន៍ជូនដល់ភរិយាយ៉ាងផ្អែមល្ហែម ពោរពេញដោយក្ដីគោរព អរគុណ ស្ដាប់ទៅពិតជាអន្លង់អន្លោច និងមនោសញ្ចេតនាជ្រាលជ្រៅចំពោះដៃគូ។
ជាក់ស្ដែងថ្ងៃ ១៤ កុម្ភៈនេះ ដែលជាទិវានៃក្ដីស្រលាញ់មកដល់ភ្លាម សំណេរបញ្ជាក់ពីទំហំចិត្តស្រលាញ់ចំពោះគូជីវិត និងជាមិត្ត ១០០ ឆ្នាំរបស់សេដ្ឋី គិត ម៉េង បានបង្ហោះទាំងព្រលឹម ដើម្បីអបអរដល់មនុស្សសំណព្វចិត្ត។


ងាកមកអានសំណេរស្នេហាដោយបុរសជាអ្នកជំនួញប្រាក់វាល់លានដុល្លារ គិត ម៉េង ធ្វើឲ្យក្មេងៗច្រណែនខ្លាំងដល់គូស្នេហ៍វ័យចំណាស់គូនេះ។ “ស្រទ្បាញ់ភរិយារបស់ខ្ញុំរាល់ថ្ងៃ មិនមែនតែនៅថ្ងៃបុណ្យនៃក្តីស្រទ្បាញ់នោះទេ នៅថ្ងៃវិសេសវិសាលនេះ យើងអបអរសាទរក្ដីស្នេហ៍របស់យើងដោយបើកចំហថែមទៀត។ ខ្ញុំយកពេលវេលានេះបង្ហាញនូវចំណងស្នេហ៍ដ៏មានន័យដែលខ្ញុំ និងអូន ចំណាន បានសាងរួមគ្នាដោយទំនុកចិត្ត ការគោរពគ្នា ហើយក៏បង្ហាញនូវអនុស្សាវរីយ៍ដ៏មានតម្លៃដែលយើងទាំងពីរ និងគ្រួសារដ៏ល្អរបស់យើងបានសាងទ្បើង។ ចំណាន បងស្រទ្បាញ់អូនលើសពីដៃគូជីវិតរបស់បង។ អូនជាអ្នកគាំទ្រឥតងាករេរបស់បង ជាអ្នកដែលបងជឿជាក់ និងទុកចិត្តបំផុត។ អូនជាកម្លាំងចលករដែលមិនត្រឹមតែជំរុញទឹកចិត្ត និងបំផុសគំនិតល្អៗដល់បងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដល់កូនដ៏ល្អប្រពៃទាំងបួនរបស់យើងផងដែរ។ ប្រាជ្ញា ចិត្តមេត្តា ករុណា និងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់អូនគឺជាសសរគ្រឹះរឹងមាំនៃផ្ទះរបស់យើង។ អូនបានបង្ហាញបងនូវអត្ថន័យនៃក្តីសេ្នហ៍ដ៏ជ្រាលជ្រៅ និងអត្ថន័យនៃជីវិតរស់នៅប្រកបដោយភាពរីករាយនៅក្នុងបច្ចុប្បន្នកាល តាមរយៈសំណើច បញ្ហាប្រឈមនានា និងពេលវេលាស្ងប់ស្ងាត់ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ អូនមិនត្រឹមតែជាបេះដូងនៃគ្រួសារយើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាមនុស្សសំខាន់បំផុត និងជាអ្វីៗគ្រប់យ៉ាងដែលបងមាន។ បុណ្យនៃក្តីស្រទ្បាញ់គឺគ្រាន់តែជាពេលវេលាមួយប៉ុណ្ណោះ ដែលប្រារព្ធធ្វើមួយថ្ងៃក្នុងមួយឆ្នាំម្តង ប៉ុន្តែក្តីស្នេហ៍របស់បងចំពោះអូនគឺមិនកំណត់ពេល និងគ្មានទីបញ្ចប់ឡើយ។ បង និងអូនរួមគ្នាសាងជីវិតមួយដែលពោរពេញទៅដោយប្រតិព័ទ្ធ សំណើច និងមានអត្ថន័យបំផុត។ បងមានមោទនភាពដែលមានអូនជាភរិយារបស់បង ហើយបងបេតីអូនរៀងរាល់ថ្ងៃ មិនមែនតែក្នុងឱកាសទិវានៃក្តីស្រទ្បាញ់នេះទេ។នៅពេលដែលបង និងអូនបន្តដំណើរជីវិតជាមួយគ្នា ដោយការចិញ្ចឹមបីបាច់កូនៗ និងកសាងក្តីសុបិនរបស់យើងបងដឹងច្បាស់ណាស់ថាបេះដូងរបស់បងជាកម្មសិទ្ធិរបស់អូន ទាំងនៅថ្ងៃនេះ និងជារៀងរហូត។ រីករាយទិវានៃក្តីស្រទ្បាញ់ អូន ចំណាន“។
ទិវានៃក្ដីស្រឡាញ់ ជាថ្ងៃពិសេសមួយដែលអាចឲ្យមនុស្សគ្រប់រូប បង្ហាញពីក្ដីស្រលាញ់ទៅមនុស្សជុំវិញខ្លួន មិនថាមិត្តភ័ក្តិ បងប្អូន សាច់ញាតិ និងដៃគូស្នេហា៕



អត្ថបទ៖ មេរ៉ា, រូបភាព៖ Neak Oknha Kith Meng